(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា ទទួលបានពានពិសេស ពីអគ្គលេខាធិការអង្គការសុខភាពពិភពលោក ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា អស់រយៈកាលជាង ២០ ឆ្នាំក្នុងការប្រយុទ្ធប្រឆាំង និងថ្នាំជក់នៅកម្ពុជា លោកវេជ្ជបណ្ឌិតបានប្រឹងតស៊ូមតិ និងបានធ្វើយុទ្ធនាការជាច្រើនជាមួយស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យុវជន ស្រ្តី គ្រូបង្រៀន ព្រះសង្ឃ និងជនរងគ្រោះដោយសារថ្នាំជក់ ក្នុងការជំរុញឱ្យមានច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ដែលច្បាប់នោះត្រូវបានអនុម័តនៅឆ្នាំ២០១៥។
លោកស្រីបន្ដថា កម្មវិធីនេះគឺជាដំណើរការប្រកាសជាផ្លូវការ បន្ទាប់ពីការជ្រើសរើសដោយអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា គាំទ្រដោយប្រធានការិយាល័យអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មុនពេលអនុម័តចុងក្រោយដោយអគ្គលេខាធិការ នៃអង្គការសុខភាពពិភពលោក។
លោកស្រីថា «យើងមានមោទនភាព ដែលសមភាគីររបស់យើង ត្រូវបានទទួលស្គាល់ពីអគ្គលេខាធិការ នៃអង្គការសុខភាពពិភពលោកថាជា ជើងឯកក្នុងវិស័យត្រួតពិនិត្យផលិតផលថ្នាំជក់។ ដូចដែលយើងបានដឹងហើយថា ឧបសគ្គចម្បងមួយក្នុងការបង្កើត និងអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់»។
ឆ្លើយតបនឹងបញ្ហានេះ យុទ្ធនាការ «ដល់ពេលហើយ! ឈប់ចាញ់បោកក្រុមហ៊ុនថ្នាំជក់» ត្រូវបានបង្កើតឡើង ដើម្បីបំផុសឱ្យយុវជនចូលរួម ក្នុងការទប់ស្កាត់ឧបាយកលរបស់ឧស្សាហកម្មថ្នាំជក់។
នាពេលបច្ចុប្បន្ន លោកវេជ្ជបណ្ឌិត មុំ គង់ បាននិងកំពុងដឹកនាំអង្គការចលនា ដើម្បីសុខភាពកម្ពុជា ដើម្បីបន្តឆន្ទៈក្នុងការការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា និងដើម្បីឈានទៅកាន់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត និងសេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរ ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់។
លោកវេជ្ជបណ្ឌិតបានតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ជាទៀងទាត់ និងធ្វើរបាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការ។
គួរបញ្ជាក់ថា តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវ ពីការវិនិយោគលើការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជា ឆ្នាំ២០១៩ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងលេខាធិការដ្ឋាននៃអនុសញ្ញា ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ បានឱ្យដឹងថា ការប្រើប្រាស់ផលិតផលថ្នាំជក់ធ្វើឱ្យប្រជាជនកម្ពុជាចំនួន ១៥,០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ ក្នុងនោះ ៣៣% នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាបបំផុត។
មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យខាតបង់ទឹកប្រាក់ចំនួន ៦៤៩ លានដុល្លារអាមេរិក ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា៕