(ព្រៃវែង)៖ ប្រជាកសិករជាច្រើនភូមិ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានជ្រើសរើសយក ការដាំដុះដំណាំអំពៅ ជាដំណាំយុទ្ធសាស្ត្រ និងបានបង្កើនការដាំដុះជាប្រចាំ ហើយនៅឃុំមួយនេះ ស្ទើរតែគ្មានអ្នកចំណាកស្រុកទេ។
លោក អុប ស៊ាត មេឃុំជាខ្លាង បានប្រាប់ឲ្យដឹងថា ដោយសារទីផ្សារអំពៅប៉ុន្មានឆ្នាំមកនេះ មានទីផ្សារខ្ពស់ ប្រជាកសិករនៅឃុំជាខ្លាងរបស់លោក បានបង្កើនការដាំដុះ កើនឡើង ជាងមុនជិតទេ្វដង ដែលកាលពីឆ្នាំមុន ពួកគាត់ដាំដុះបានត្រឹមតែជាង៣០០ហិកតាតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះ ពួកគាត់បានបង្កើនរហូត ដល់ជាង៥០០ហិកតា។
លោកបន្តថា សម្រាប់ឆ្នាំនេះ នឹងអាចមានបញ្ហាប្រឈមទីផ្សារបន្តិចបន្តួចដែរ ដោយសារតែបញ្ហាកូវីដ១៩ បានកើតឡើង ធ្វើឲ្យស្ងាត់ឈ្មួញ តែទោះជាយ៉ាងណាលោក មិនជាបញ្ហាចោទជាធំដុំនោះទេ។
ចំណែកប្រជាកសិកអ្នកដាំអំពៅ បានលើកឡើងដែរថា នៅឆ្នាំនេះប្រជាកសិករ បានពង្រីកការដាំដុះអំពៅយ៉ាងច្រើន ស្ទើរតែគ្មានស្រែទំនេរទេ ព្រោះការពីឆ្នាំមុនៗ ពួកគាត់អាចលក់បានប្រមាណពី៣០ ទៅជាង៣០លានរៀល ក្នុង១ហិកតា ប៉ុន្តែសម្រាប់ឆ្នាំនេះ កសិករថា ប្រហែលជាចុះបន្តិចបន្តួច ប៉ុន្តែយ៉ាងហោចណាស់ ក៏បានពី២៥លាន ទៅ៣០លានរៀលដែរ។
ដោយឡែក លោក បូយ ឡូត ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរកសិកម្មខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា ទាក់ទងនឹងដំណាំអំពៅនៅទីនេះ ក៏ដូចជាដំណាំផ្សេងៗ ទៀតដែរ មន្ទីរកសិកម្មខេត្ត តែងតែចុះមកណែនាំបច្ចេកទេស ដល់កសិករជារៀងរាល់ឆ្នាំ ទាំងរបៀបដាំដុះ ការប្រើប្រាស់ពូជ និងការប្រើប្រាស់ជី ដើម្បីការពារជំងឺដំណាំ និងទទួលទិន្នផលខ្ពស់។
លោកបន្ដថា ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ អំពៅនៅក្នុងឃុំនេះ ក៏ធ្លាបជួបប្រទះបញ្ហាជំងឺ និងសត្វល្អិតដែរ ប៉ុន្តែយើងអាចទប់ស្កាត់បាន និងទទួលបានផលបានច្រើនដូចសព្វថ្ងៃនេះ។
បន្ថែមពីលើនេះ លោកក៏សូមអំពាវដល់កសិករដែរថា ដើម្បីដាំដំណាំមានគុណភាពល្អ និងទទួលទិន្នផលខ្ពស់ សូមបងប្អូនដាំដុះអនុវត្តតាមបច្ចេកទេស ដូចដែលមន្ត្រីជំនាញបានណែនាំផងដែរ៕