(ភ្នំពេញ)៖ របាយការណ៍អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បានបង្ហាញថា យានយន្ត ចូលគោលដៅ នៅថ្ងៃនេះ មានចំនួន ២៤,២១០គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះមានម៉ូតូ ៥៩​​ភាគរយ។ យានយន្ត ៤,៤៧៩ គ្រឿង រកឃើញថាល្មើសច្បាប់ចរាចរណ៍ ក្នុងនោះ មានម៉ូតូ ៦២ភាគរយ។ របាយការណ៍បន្តថា យានយន្ត ១,៨៥៥ គ្រឿង ស្មើ ៤១ភាគរយ ត្រូវបានធ្វើការអប់រំ ហើយយានយន្ត ២,៦២៤គ្រឿង​ ត្រូវបានផាកពិន័យ។

ដោយឡែក របាយការណ៍អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ បានបង្ហាញថា យានយន្ត ៣៣,៥៨៣ គ្រឿង ត្រូវបានត្រួតពិនិត្យក្នុងនោះមានម៉ូតូ ៧២ភាគរយ។ យានយន្ត ៦,៤២៦គ្រឿង រកឃើញថាល្មើសច្បាប់ចរាចរណ៍ ក្នុងនោះ មានម៉ូតូ ៥៦ភាគរយ។ របាយការណ៍បន្តថា យានយន្ត ៣,៤៦៣គ្រឿង ស្មើ ៥៤ភាគរយ ត្រូវបានធ្វើការអប់រំ ហើយយានយន្ត ២,៩៦៣គ្រឿង​ ត្រូវបានផាកពិន័យ។

បើប្រៀបធៀបរថយន្តល្មើសច្បាប់ចរាចរណ៍ នៅថ្ងៃទី១៨ ខែមករានេះ មានយានយន្ត ៤,៤៧៩ គ្រឿង ថយចុះជាង២ពាន់គ្រឿង បើប្រៀបធៀបថ្ងៃម្សិលមិញ ៦,២៩៣គ្រឿង ។

យោងតាមរបាយការណ៍ដែល Fresh News ទទួលបាននៅល្ងាចនេះបានបង្ហាញឲ្យដឹងថា លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លុវគោករយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ ១៨ ខែមករា ឆ្នាំ២០១៦ មាន យានយន្ត ៥៥៣,១៤៨ គ្រឿង ត្រូវបានត្រួតពិនិត្យ និងចូលគោលដៅ។ ក្នុងនោះ យានយន្ត ៥៩,៧៦២គ្រឿង ត្រូវបានផាកពិន័យ មានម៉ូតូ ៤៩ភាគរយ ហើយយានយន្ត ៦២,៥១៦ គ្រឿង ស្មើ ៧៣ភាគរយ ត្រូវបានអប់រំ។

របាយការណ៍នាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ និង នគរបាលចរាចរណ៍ នៃអគ្គនាយកដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ ថ្ងៃទី១៨ ខែមករា មានមនុស្ស ១៣នាក់ បានស្លាប់ និងរបួសធ្ងន់ ១៦នាក់ និងរបួសស្រាល ១៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍៕