(កំពង់ធំ)៖ ការផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលខេត្តកំពង់ធំ រដ្ឋបាលខេត្តមានគោលបំណងចង់ផ្សព្វផ្សាយ និងផ្ដល់ការណែនាំនូវគោលការណ៍សំខាន់ៗដល់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត អំពីការចាប់ផ្ដើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រងចាត់ចែង និងផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
នេះជាការបញ្ជាក់របស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, មន្ទីរជុំវិញខេត្ត, អាជ្ញាធរក្រុង, ស្រុក, និងក្រុមប្រឹក្សាឃុំ, សង្កាត់ជាច្រើនរូបទៀត។
លោក សុខ លូ បានបញ្ជាក់បន្តថា ការដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋបាលខេត្ត ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានន័យថា គឺជាការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋផ្ទាល់ ងាយស្រួលក្នុងការគ្រប់គ្រងចាត់ចែង និងទទួលខុសត្រូវលើការផ្ដល់សេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកបានបញ្ជាក់បន្ថែមថា ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត នឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលរបស់ខ្លួន អំពីសកម្មភាពការផ្តល់សេវាសុខាភិបាលនានា ដែលបានប្រគល់ឱ្យ ដូច្នេះមន្រ្តីសុខាភិបាល ត្រូវមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យ លើការផ្តល់សេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលខេត្ត ដោយតម្លាភាពគណនេយ្យភាព និងមានគុណភាពខ្ពស់។
សូមជម្រាបថា មន្ទីរសុខាភិបាលខេត្តកំពង់ធំ មានមន្ត្រីទាំងក្របខណ្ឌចំនួន ៨០០នាក់ និងចុះកិច្ចសន្យាចំនួន១៧០នាក់ ដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាល និងតាមមន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកស្រុកមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព៕