(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងភរិយា និងលោក អាន សំអុល ប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារចាស់ បានអញ្ជើញដឹកនាំមន្ត្រីរាជការរដ្ឋបាលខណ្ឌដូនពេញ ដោយសហកាជាមួយ មន្ទីរពេទ្យបង្អែកចតុមុខ នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះសាកសួរសុខទុក្ខ សំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

ពិធីនេះបានប្រព្រឹត្តទៅ នៅក្នុងទីធ្លាសាលាបឋមសិក្សា ព្រះនរោត្តម សរុបចំនួន៥០គ្រួសារ ស្របនឹងកិច្ចសួរសុខទុក្ខ និងសំណេះសំណាល លោកអភិបាលខណ្ឌ ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម/គ្រួសារ មីជាតិ ចំនួន ០១កេស, សាប៊ូលាងដៃចំនួន០៤ដុំតូច, ទឹកត្រី១យួរ ថ្នាំដុះធ្មេញចំនួន ០១ឡូ និងអាល់កុលលាងដៃចំនួន០១ដប សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

ក្នុងនោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភមានដូចខាងក្រោម៖
១-អង្ករចំនួន ៥០បាវ ស្មើនឹង ១២៥០គីឡូក្រាម ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
២-មីជាតិចំនួន ០១កេស សាប៊ូ ០៤ដុំ និង ទឹកត្រី ០១យួរ /៥០គ្រួសារ ជាអំណោយ របស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។
៣-ថវិកាចំនួន ២០,០០០រៀល /៥០ គ្រួសារ ជាអំណោយ របស់ ឯកឧត្តម អាន សំអុល ប្រធានក្រុមការងារចុះជួយ សង្កាត់ផ្សារចាស់ ។
៤-អាកុលលាងដែ០១ដប/៥០គ្រួសារ ជាអំណោយ របស់ លោក លី សុខុន ចៅសង្កាត់ផ្សារចាស់ ។
៥-ថ្នាំដុះធ្មេញ ០១ឡូ/៣២គ្រួសារ ជាអំណោយ របស់ លោក ស៊ាម ម៉េងអ៊ុង ប្រធានការិយាល័យច្រកចេញចូលតែមួយខណ្ឌដូនពេញ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ឃួង ស្រេង ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕