Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ១៦៩នាក់រងរបួស បន្ទាប់ពីព្រិលធ្លាក់យ៉ាងខ្លាំង នៅជប៉ុន

18-01-2016 18:46

(តូក្យូ)៖ បើតាមព័ត៌មានទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ចេញផ្សាយនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១៦៩នាក់ បានទទួលរងរបួស នៅ​តំបន់ Kanto ក្នុងនោះរួមទាំងទីក្រុងតូក្យូ ផងដែរ បន្ទាប់ពីព្រិលធ្លាក់យ៉ាងខ្លាំង បានធ្វើការវាយប្រហារ តំបន់ភាគខាងកើត និងខាងជើងប្រទេសជប៉ុន នៅព្រឹកថ្ងៃចន្ទនេះ។

ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុន បានរាយការណ៍ដែរថា ផ្ទះប្រមាណ៨,៤០០ខ្នង គ្មានថាមពលប្រើប្រាស់ផងដែរ ដោយសារតែព្រិលធ្លាក់ ហើយវាក៏បានបណ្តាលប្រព័ន្ធដឹកជញ្ជូនក្នុងតំបន់មួយចំនួន ត្រូវបានបិទ, ជើងហោះហើរ ត្រូវបានលុបចោល និងខ្សែរថភ្លើងល្បឿនលឿន Shinkansen ត្រូវបានផ្អាក។ ភ្នាក់ងារឧត្តុនិយមជប៉ុន បានបញ្ជាក់ថា ព្រិលកម្រាស់៨០សង់ទីម៉ែត្រ នឹងធ្លាក់នៅតំបន់ Tohoku និងកម្រាស់ ៦០សង់ទីម៉ែត្រ នឹងធ្លាក់នៅកោះ Hokkaido, Hokuriku និង Tokai ក្នុងអំឡុងពេល២៤ម៉ោង រហូតដល់ម៉ោង៦ព្រឹក ថ្ងៃអង្គារ។

ក្រុមហ៊ុនអាកាសចរក្នុងស្រុក បានឲ្យដឹងថា ជើងហោះហើរក្នុងស្រុកប្រមាណ២០០ជើង ត្រូវបានលុបចោល ឬក៏ពន្យារពេល បើគិតត្រឹមម៉ោង៣៖៣០នាទីរសៀលនេះ (ម៉ោងក្នុងតំបន់) ដោយប៉ះពាល់ភាគច្រើន មកពីនិងទៅកាន់អាកាសយាន្តដ្ឋាន Haneda របស់ទីក្រុងតូក្យូ ខណៈអាកាសយាន្តដ្ឋានតូចមួយ នៅក្នុងទីក្រុង Chofu ត្រូវបានបិទ៕