(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោកថង សាវុន បានលើកឡើងថា ការផ្ទេរមុខងារ និងធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយយ៉ាងសំខាន់នៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់ លោក ថង សាវុន បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសដែលលោក និងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពីធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី។
លោកអភិបាលខេត្ត បានលើកឡើងបន្តថា ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងមន្ទីរសុខាភិបាលខេត្តរតនគិរីត្រូវដាក់ឲ្យដំណើរការ ក្រោយរាជរដ្ឋាភិបាលសម្រេចឲ្យខេត្តគ្រប់គ្រងវិញ ដែលនេះជាការផ្ទេរមុខងារ និងធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិ ជាផ្នែកមួយយ៉ាងសំខាន់ នៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា ចំពោះការផ្សព្វផ្សាយនេះ ដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលពីការអនុវត្តតួនាទី និងភារកិច្ចលើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ ជាពិសេស ប្រធានមន្ទីរសុខាភិបាលក៏ត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាព ចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រងការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាល ដែលបានប្រគល់ទៅឲ្យរដ្ឋបាលខេត្ត។
លោកបានថ្លែងអបអរសាទរ ដែលរដ្ឋបាលឯកភាពខេត្តគិរី មានមន្ទីរសុខាភិបាលជាសេនាធិការផ្ទាល់ ដោយបានជំរុញលើកទឹកចិត្តដល់មន្ត្រី នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ឱ្យបន្តបង្កើនការគ្រប់គ្រងគុណភាពនៃការផ្ដល់សេវាសុខភាពទាំង ផ្នែកសាធារណៈ និងឯកជន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព។
លោក ថង សាវុន ក៏បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ និងមន្រ្តីរដ្ឋបាលត្រូវសហការគ្នាឱ្យបានល្អក្នុងការបំពេញភារកិច្ចការងារ ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីលធម៌ ក្នុងការបំពេញការងារ។
លោកជំរុញទៀតថា ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យបាននូវសុខុមាលភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃការចម្លងកូវីដ-១៩ នៅតាមសហគមន៍៕