(ភ្នំពេញ)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងឲ្យ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា អត្តសញ្ញាណកម្មពិការភាពមានសារសំខាន់ណាស់ចំពោះជនមានពិការភាព ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម ពិសេសសេវាជំនួយសង្គម និងសេវាពិការភាពដ៏ទៃទៀតកាន់តែប្រសើឡើងពីរាជដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ អង្គការជនពិការ និងអ្នកផ្តល់សេវាផ្សេងៗទៀត។
លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងបែបនេះក្នុងកិច្ចប្រជុំ អន្តរក្រសួងដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលលើគោលការណ៍ណែនាំស្តីពីអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។
គោលការណ៍ណែនាំស្តីពីអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នឹងចាប់អនុវត្តនាចុងឆ្នាំ២០២០នេះ នឹងគ្រោង ឲ្យរួចរាល់ការធ្វើអត្តសញ្ញាណកម្មពិការភាពនៅដើមឆ្នាំ២០២២ខាងមុខ ក្រោមជំនួយឧបត្ថមកម្មវិធីពីប្រទេសស៊ុយអេត តាមរយៈ អង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា។
កម្មវិធីនេះបានបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យពិការភាព អាចប្រើក្នុងទូរស័ព្ទដៃដើម្បីបញ្ចូលទិន្នន័យ និងវេបសាយរាយការណ៍បានទាន់ពេលវេលា គ្មានសម័យគ្រប់គ្រងណាមានប្រព័ន្ធនេះទេកន្លងមក ទើបសម័យតេជោសន្តិភាពនេះបានបង្កើតឡើងនាពេលខាងមុខនេះ ដែលធ្វើអោយមានការគាំទ្រយ៉ាងច្រើនពីបណ្តាញពិការភាព និងក្រុមការងារក្រសួងស្ថាប័ន ពិសេសបងប្អូនមានពិការភាពផ្ទាល់តែម្តង។
នាឱកាសនេះផងដែរ លោកបានសម្តែងនូវការកោតសរសើរចំពោះ ក្រុមការងារបច្ចេកទេសរវាងនាយកដ្ឋានសុខុមាលភាពជនពិការ និងអង្គការយូនីសេហ្វ ដែលបានយកចិត្តទុកដាក់ជំរុញការអនុវត្តការងារបច្ចេកទេសទាំងផ្នែកទន់ និងផ្នែករឹង ដែលមានភាពស៊ីសង្វាក់គ្នា ជាមួយក្រសួង ស្ថាប័ន និងជាពិសេសក្រសួងផែនការ ។
លោក ញ៉ឹក វណ្ណារ៉ា មានជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់អត្តសញ្ញាណបណ្ណពិការភាពដែលបានផ្តល់ដោយរាជរដ្ឋាភិបាល នាពេលខាងមុខនិងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន មានពិការភាពកាន់តែងាយស្រួល ដូចជាទទួលបានរបបគោលនយោបាយតាមលក្ខណៈវិនិច្ឆ័យពិការភាពនិងភាពក្រីក្រ ទទួលបានអាទិភាពការងារ(ស្ថាប័នរដ្ឋ២%និងវិស័យឯកជន១% ) សេវាធ្វើដំណើរដឹកជញ្ជូនជាសាធារណៈដោយមិនគិតថ្លៃ ចូលទស្សនាទីកម្សាន្តសាធារណៈដែលគ្រប់គ្រងដោយរដ្ឋដោយមិនគិតថ្លៃដូចជាទីរមណីយដ្ឋានជាដើម ពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងមណ្ឌលស្តារកាយសម្បទាមិនគិតថ្លៃ ចូលរួមសកម្មភាពសិល្បៈ កីឡា និងវប្បធម៌ជាតិ និងអន្តជាតិ ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ និងសេវាផ្សេងៗទៀត៕