(ភ្នំពេញ)៖ លោកឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានលើកឡើងថា ចិនគឺជាមិត្តដែកថែបដែលមិនបោះបង់កម្ពុជាចោលក្នុងគ្រាលំបាក។

ការឲ្យដឹងបែបនេះរបស់លោក ឧកញ៉ា នួន ឫទ្ធី ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News។

លោកឧកញ៉ា នួន ឫទ្ធី បានថ្លែងថា «ខ្ញុំមានគំនិតសុទិដ្ឋិនិយមចំពោះមហាមិត្តចិន។ ចិននឹងមិនបោះបង់កម្ពុជាចោលនោះឡើយ ចំពោះកម្ពុជាវិញក៏មិនបានបោះបង់ មិត្តណាមួយចោលនោះឡើយ ដោយកម្ពុជាស្វាគមន៍ជានិច្ច ចំពោះមិត្តបរទេសទាំងអស់ ដែលចង់កៀកស្មា សហការគ្នាជាមួយកម្ពុជា»

លោកឧកញ៉ា នួន ឫទ្ធី «សម្រាប់ចិន គឺជាមិត្តពិតប្រាកដ និងជាមិត្តដែកថែបរបស់កម្ពុជា មិនបោះបង់កម្ពុជាចោល ក្នុងគ្រាដែលយើងកំពុងជួបការលំបាក់»

លោកបានបន្ថែមថា ជាក់ស្ដែងកាលពីផ្ទុះឡើងថ្មីៗ នៃជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខមិត្តដែកថែបចិន ក្នុងគ្រាសដែលចិនត្រូវបានគេរើសអើង។ ក្នុងពេលទស្សនកិច្ចនោះ កម្ពុជាទទួលបានការឆ្លើយតបមកវិញ គឺការផ្ដល់ភាពកក់ក្ដៅពីសំណាក់មិត្តចិន ទៅលើវិស័យផ្សេងៗដូចជា កសិកម្ម, អចលនទ្រព្យ, ដឹកជញ្ជូន, វិស័យធនាគារ ព្រមទាំវិស័យផ្សេងៗជាច្រើនដទៃទៀត។

លោកឧកញ៉ាបញ្ជាក់ថា ទាក់ទងនឹងការបណ្ដាក់ទុន កម្ពុជាពឹងផ្អែកលើការវិនិយោគ ពីប្រទេសជាច្រើន ប៉ុន្ដែក្នុងនោះការវិនិយោគជាមួយចិនឈរលេខ១, ម៉ាឡេស៊ី, កូរ៉េ, ការវិនិយោគលើផ្នែកកសិកម្មជាមួយវៀតណាម, ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត។

សូមជម្រាបថា ដោយសារស្ថានភាពនៃជំងឺកូវីដ១៩ មានភាពធូរស្រាលនោះ វិនិយោគិន និងកម្មកជនជាតិចិនប្រមាណ១,០៦៦នាក់ ក្នុងនោះស្រី២៩៩នាក់ បានធ្វើដំណើរចូលមកកម្ពុជា ហើយបន្ដដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ខែឧសភា រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២។ នេះបើយោងតាម លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។

លោក ឃាង ភារម្យ បានញ្ជាក់ថា ក្នុងចំណោមអ្នកដំណើរទាំងអស់ ត្រូវបានក្រសួងសុខាភិបាលកម្ពុជា បានពិនិត្យយ៉ាងយកចិត្តទុកដាក់ ធ្វើតេស្តរកជំងឺកូវីដ១៩ និងធ្វើចត្តាស័កចំនួន១៤ថ្ងៃផងដែរ។

ការត្រឡប់មកជាថ្មីរបស់វិនិយោគិនជនជាតិចិន នៅខេត្តព្រះសីហនុនេះ ត្រូវបានអ្នកតាមសង្គមលើកឡើងថា នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ច នៅខេត្តនេះឡើងវិញ៕