(ព្រះវិហារ)៖ បច្ចុប្បន្នគេឃើញមានសត្វស្លាបកម្រមួយចំនួនធំកំពុងរស់នៅក្នុងឧទ្យានជាតិគូលែនព្រហ្មទេព ខេត្តព្រះវិហារ ដែលមានវិសាលភាពផ្ទៃដីចំនួន ៤០២,៥០០ ហិកតា គ្របដណ្ដប់លើស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ ហើយក៏កំពុងទទួលបានការអភិរក្សពីមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ផងដែរ ក្នុងនោះសហគមន៍ត្មាតប៉ើយធឿនក្រសាំង ក៏បានចូលរួមក្នុងកិច្ចការនេះយ៉ាងសស្រាកសស្រាំ។
សហគមន៍ត្មាតប៉ើយធឿនក្រសាំង មានទីតាំងស្ថិតនៅភូមិត្មាតប៉ើយ ឃុំ ព្រីងធំ ស្រុក ជាំក្សាន្ត ចម្ងាយប្រមាណជិត ៥០ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ «ត្មាតប៉ើយ» ជាភាសាដើមរបស់ជនជាតិភាគតិចនៅតំបន់នោះ ដែលមានន័យថា «ត្មាតចុះលេងទឹកលាងសម្អាតខ្លួន» ពីព្រោះតាមទម្លាប់របស់សត្វកាន់សីលប្រភេទនេះ នៅពេលវាស៊ីចំណីដែលងាប់ស្អុយរលួយហើយនោះ វាតែងតែចុះលាងខ្លួននៅក្នុងទឹករៀងរាល់ពេល។
ធ្វើដំណើរចេញពីក្រុងព្រះវិហារតាមផ្លូវជាតិលេខ ៦២ ឆ្ពោះទៅស្រុកជាំក្សាន្ត ទេសភាពជួរភ្នំខ្ពស់ទាបខៀវស្រងាត់សណ្ដូកប៉ះភ្នែកទេសចរ ភ្ញោចអារម្មណ៍ស្រស់ស្រាយមួយអន្លើ។ ចេញពីផ្លូវជាតិលេខ ៦២ ចុះខាងស្ដាំដៃតាមផ្លូវលំក្រាលគ្រួសក្រហមមួយស្របក់ក្រោយមក គេនឹងបានទៅដល់ភូមិដ្ឋានប្រជាពលរដ្ឋនៅឃុំព្រីងធំ ដែលម្ខាងផ្លូវជាដីធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋ ឯម្ខាងទៀតពោរពេញដោយព្រៃឈើសហគមន៍ធំធេងដាច់កន្ទុយភ្នែក ផ្ដល់នូវម្លប់ធម្មជាតិដ៏សុខក្សេមក្សាន្ត។
សហគមន៍ត្មាតប៉ើយធឿនក្រសាំង បង្កើតឡើងដំបូងនៅឆ្នាំ២០០៣ ដែលមានផ្ទៃដីសរុប ២១៤,០០០ ហិកតា ស្ថិតក្នុងឧទ្យានជាតិគូលែនព្រហ្មទេព ដោយទទួលបានការជួយជ្រោមជ្រែងពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។ លុះដល់ឆ្នាំ២០០៥ ទើបប្រជាសហគមន៍បានបញ្ចូលសេវាកម្មអេកូទេសចរណ៍ សម្រាប់បម្រើជូនភ្ញៀវទេសចរដែលទៅទស្សនា។
លោក ឌឹប គឹមអោន ប្រធានសហគមន៍អេកូទេសចរណ៍ត្មាតប៉ើយធឿនក្រសាំង បានឱ្យដឹងថា សត្វកម្រនៅក្នុងសហគមន៍នេះមានជាច្រើនប្រភេទ ក្នុងនោះរួមមានសត្វត្រយងយក្ស ត្រយងចង្កំកស អង្កត់ខ្មៅ ត្រដក់តូច ត្រដក់ធំ ក្រៀល ក្ងោក ពពុះក្បាលប្រឡែត និងសត្វទូទៅជាច្រើនប្រភេទទៀត ក្នុងនោះក៏មានប្រភេទសត្វស្លាបរត្តិចរ (សត្វរកស៊ីពេលយប់) សម្រាប់ទស្សនាពេលរាត្រីផងដែរ ដូចជា សត្វពព្លាក់ ឬសុវណ្ណាចា មៀម ខ្វែកជាដើម។ សត្វស្លាបនៅក្នុងសហគមន៍នេះមានការបម្លាស់ទីនៅជុំវិញតែប្រមាណ ១០ គីឡូម៉ែត្រប៉ុណ្ណោះ ហើយក៏គ្មានការហោះហើរផ្លាស់ទីទៅដល់ប្រទេសជិតខាងដូចពាក្យគេថានោះឡើយ។
លោក ឌឹប គឹមអោន បានបន្តថា ភ្ញៀវទេសចរដែលមកទស្សនាក្នុងសហគមន៍នេះភាគច្រើនសុទ្ធតែជាភ្ញៀវបរទេស។ សម្រាប់ភ្ញៀវម្នាក់អាចចំណាយជិត ១០០ ដុល្លារក្នុងមួយថ្ងៃ ក្នុងនោះចំណាយលើសេវាស្នាក់នៅ ១៨ ដុល្លារ ម្ហូបអាហារ-ភេសជ្ជៈ ១៧ ដុល្លារ។ ក្រៅពីនេះ គេត្រូវចំណាយលើសេវាកម្មជូនទៅមើលសត្វក្នុងដែនសហគមន៍ ៤០ ដុល្លារទៀត ប៉ុន្តែប្រសិនបើមិនបានឃើញសត្វទេនោះ (ដោយពេល) សហគមន៍គិតតែពាក់កណ្ដាលនៃថ្លៃដើមប៉ុណ្ណោះ។
សមាជិកសហគមន៍នេះមានចំនួន ៦១ គ្រួសារ ដែលបាននិងកំពុងចូលរួមបម្រើសេវាកម្មទេសចរណ៍តាមជំនាញផ្សេងៗគ្នា ខណៈអ្នកខ្លះជាអ្នកបើកគោយន្តនាំភ្ញៀវដើរទស្សនាសត្វ អ្នកខ្លះជាចុងភៅ មានអ្នកខ្លះក៏ជាអ្នកយាមសំបុកសត្វ អ្នកខ្លះទៀតជាអ្នកលក់ផលកសិផល អនុផលព្រៃឈើ សម្ភារៈផ្សេងៗ និងមានអ្នកទទួលបានផលប្រយោលជាច្រើននាក់ទៀតដែរ។
ប្រធានសហគមន៍រូបនេះបានបន្តទៀតថា កាលពីមុន ធ្លាប់តែបរបាញ់សត្វព្រៃ ហើយបានកម្រៃបន្តិចបន្តួច ប៉ុន្តែការបំផ្លិចបំផ្លាញមានទំហំធំធេងណាស់ លុះប្ដូរមកបម្រើសេវាកម្មទេសចរណ៍ដូចពេលសព្វថ្ងៃនេះវិញ បានធ្វើឱ្យជីវភាពប្រជាសហគមន៍អេកូទេសចរណ៍ត្មាតប៉ើយធឿនក្រសាំង មានការរីកចម្រើនលើសមុនច្រើនណាស់។
លោកថា មុនការបង្កើតតំបន់ការពារធនធានធម្មជាតិ ប្រជាជនតែងចេញបរបាញ់សត្វ ដាក់អន្ទាក់ កាប់ឈើ ធ្វើស្រែ រកត្រី អន្ទង់ កង្កែប និងរកអនុផលព្រៃឈើជាដើម ប៉ុន្តែលុះដល់ពេលបង្កើតជាតំបន់ការពារ និងសហគមន៍អេកូទេសចរណ៍នេះមក ប្រជាពលរដ្ឋបានងាកមកផ្ដល់សេវាកម្មទេសចរណ៍ ជូនភ្ញៀវដើរទស្សនាកម្សាន្ត និងរកអនុផលព្រៃឈើផ្សេងៗទៀត ពោលគឺបានជួយលើកតម្កើនជីវភាពរស់នៅរបស់ពួកគាត់ឱ្យមានការរីកចម្រើនជាងមុន ចំណែកឯសត្វព្រៃ និងព្រៃឈើទៀតសោត ក៏នៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ហើយបរិមាណសត្វព្រៃក៏ចេះតែមានការកើនឡើង ថ្វីដ្បិតនៅមានការប៉ះពាល់បន្តិចបន្តួចក៏ដោយ។
លោក ឌឹប គឹមអោន បានអះអាងថា កាលពីមុននោះដែរ ប្រជាពលរដ្ឋនៅក្នុងភូមិភាគច្រើនជាអ្នកព្រានព្រៃបរបាញ់សត្វ ហើយលោកផ្ទាល់ក៏ដូចគ្នា ប៉ុន្តែលោកតែងមានក្ដីស្រណោះអាណិតចំពោះជីវិតសត្វទាំងនោះ ហើយមានការសោកស្ដាយចំពោះទង្វើរបស់ខ្លួន។ រហូតដល់មានមុខរបរថ្មីក្នុងវិស័យទេសចរណ៍នេះ លោកនិងក្រុមគ្រួសារមានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះបានទទួលកម្រៃច្រើនជាងការបរបាញ់សត្វ ហើយបានសាងអំពើសុចរិត ដោយចូលរួមការពារអភិរក្សសត្វព្រៃដែលនៅសេសសល់ឡើងវិញ។
សួរថា៖ តើវាលំបាកដែរឬទេចំពោះលោក ដែលធ្លាប់តែចេញបរបាញ់សត្វ កាប់ព្រៃតាមបែបប្រពៃណី ហើយប្ដូរមកផ្ដល់សេវាកម្មជូនភ្ញៀវទេសចរបរទេសនេះវិញ? លោក ឌឹប គឹមអាន ឆ្លើយថា នៅពេលអនុវត្តឆ្នាំដំបូង លោកធ្លាប់មានចិត្តចង់ដកខ្លួនចេញពីការងារដ៏លំបាក ហើយមិនធ្លាប់ធ្វើពីមុនមកនេះដែរ ប៉ុន្តែដោយការមោះមុតទ្រាំអត់ធ្មត់ពីមួយថ្ងៃទៅមួយថ្ងៃ លោកក៏មានការបន្សាំនឹងការងារនេះបន្តិចម្ដងៗ ពេលនោះហើយដែលអារម្មណ៍សប្បាយរីករាយស្រលាញ់ការងារក៏ចេះតែកើតមានជាមួយគ្នានោះដែរ ទើបធ្វើឱ្យលោកបានដឹកនាំសហគមន៍ឱ្យបន្តមានសកម្មភាព មានទេសចរមកទស្សនាជាលំដាប់ និងជួយជំរុញជីវភាពរស់នៅកាន់តែប្រសើរឡើង។
លោកបានប្ដេជ្ញាថា ទោះបីជាលំបាកយ៉ាងណាដោយចុះក៏លោកនៅតែស៊ូទ្រាំ ដើម្បីឱ្យធនធានធម្មជាតិក្នុងសហគមន៍ ក៏ដូចជាក្នុងឧទ្យានជាតិស្ថិតស្ថិរគង់វង់សម្រាប់កូនចៅជំនាន់ក្រោយ បន្តរបរសេវាកម្មទេសចរណ៍ជូនភ្ញៀវ បានប្រាក់កម្រៃជួយជ្រោមជ្រែងគ្រួសារ បានឱ្យកូនៗមានលទ្ធភាពទៅរៀនសូត្រដូចគេ និងយកប្រាក់ដែលបានពីការលក់សេវាកម្មទេសចរណ៍ទៅជួយកសាងសមិទ្ធផលសាលារៀន អណ្ដូងទឹក ផ្លូវលំ ហេដ្ឋារចនាសម្ពន្ធផ្សេងទៀតក្នុងភូមិដ្ឋានទៀតដែរ។
អ្វីដែលជាការចង់បានរបស់ប្រជាសហគមន៍អេកូទេសចរណ៍ត្មាតប៉ើយធឿនក្រសាំងនោះ គឺត្រង់ថាថ្វីដ្បិតសម្បូរផលិតផលទេសចរណ៍ធម្មជាតិ ប្លែកពីតំបន់ទេសចរណ៍វប្បធម៌ និងរមណីយដ្ឋានទេសចរណ៍ដទៃក៏ពិតមែន ប៉ុន្តែសហគមន៍នេះបែរជាខ្សត់វត្តមានភ្ញៀវទេសចរជាតិទៅវិញ ពោលគឺមានតែភ្ញៀវបរទេសមកពីទីឆ្ងាយប៉ុណ្ណោះ ដែលហ៊ានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ តស៊ូស្កាត់មកមើលឱ្យស្គាល់ពីប្រភេទសត្វកម្រ និងជិតផុតពូជក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបលោកបានអំពាវនាវយ៉ាងទទួចដល់ភ្ញៀវទេសចរជាតិខ្មែរ គប្បីមកទស្សនាឱ្យស្គាល់ប្រភេទសត្វ និងព្រៃឈើក្នុងមាតុភូមិរបស់ខ្លួនឱ្យបានច្រើន៕