(ភ្នំពេញ)៖ បន្ទាប់ពីមានរឿងរ៉ាវដ៏ក្តៅគគុករវាង គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ជាមួយនឹង លោកវេជ្ជបណ្ឌិត គួច ម៉េងលី នាយកសាលារៀនអន្តរទ្វីបអាមេរិកាំង នាប៉ុន្មានថ្ងៃកន្លងមកនោះ, ដោយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ លោក គួច ម៉េងលី បានលើកឡើងនៅលើ Facebook របស់លោកថា «ខ្ញុំទទួលស្គាល់ថា មានពេទ្យដែលប្រកបដោយក្រមសីលធម៌ល្អជាច្រើនទៀត ដែលបាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរយើង។ បើគ្មានពេទ្យល្អៗទាំងនោះទេ អាយុជីវិតប្រជាជនខ្មែរយើងជាច្រើនប្រាកដជាត្រូវបានបាត់បង់»។
នាយកសាលារៀនអន្តរជាតិទ្វីបអាមេរិកាំងរូបនោះ បានបន្តបញ្ជាក់ថា៖ «ខ្ញុំសូមសំណូមពរដល់ជនរួមជាតិទាំងអស់ កុំចាត់ទុកការលើកឡើងនេះជាបញ្ហានយោបាយ ឬព្យាយាមកេងចំណេញផ្នែកនយោបាយតាមគ្រប់រូបភាព ជាពិសេសសូមមេត្តាកុំកាត់តរូបខ្ញុំបាទ ភ្ជាប់ជាមួយនឹងអ្នកនយោបាយ ក៏ដូចជារូបភាពផ្សេងៗ ដែលធ្វើឱ្យមហាជនមានការយល់ច្រឡំ»។
សូមជំរាបថា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានឲ្យដឹងថា «គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នៅតែយល់ឃើញថា ទោះជាចេតនាក្តី អចេតនាក្តី ទង្វើរបស់លោកបាន បង្កការ ខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា និងរបស់វិជ្ជាជីវៈសុខាភិបាលទាំងមូល។ គណៈវិជ្ជាជីវៈ សុខាភិបាលកម្ពុជា នៅតែទាមទារឲ្យលោក គួច ម៉េងលី សុំទោសជាសាធារណៈឲ្យស័ក្តិសម ជាគ្រូពេទ្យដែលមានវិជ្ជាជីវៈ មានសីលធម៌មួយរូប។ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នឹងរក្សាការទាមទារនេះ នៅក្នុងកំណត់ត្រាប្រតិបត្តិវិជ្ជាជីវៈ ផ្ទាល់ខ្លួនរបស់លោក ដរាបណាលោកមិនទាន់បំពេញបានត្រឹមត្រូវ»។
ខាងក្រោមនេះជាការលើកឡើងរបស់លោក គួច ម៉េងលី នៅលើ Facebook របស់លោករសៀលថ្ងៃនេះ៖
ប៉ុន្មានថ្ងៃនេះមានមតិមហាជនជាច្រើន បានលើកឡើងពីទស្សនៈនិងបទពិសោធន៍ផ្សេងៗគ្នា ជុំវិញការលើកឡើងរបស់ខ្ញុំស្តីពីបទពិសោធផ្ទាល់ខ្លួនក្នុងការជួបពេទ្យដែលគ្មានក្រមសីលធម៌ និងវិជ្ជាជីវៈ។ ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា អ្វីដែលខ្ញុំបានលើកឡើងគឺផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំផ្ទាល់ ដោយជាការពិតមនុស្សផ្សេងគ្នា មានបទពិសោធជួបក៏ផ្សេងៗគ្នា។ប្រហែលជាខ្ញុំគ្មានសំណាងបានជួបពេទ្យល្អៗ ទើបខ្ញុំទទួលបានបទពិសោធបែបនេះ។ យ៉ាងណាមិញខ្ញុំទទួលស្គាល់ថា មានពេទ្យដែលប្រកបដោយក្រមសីលធម៌ល្អជាច្រើនទៀតដែលបាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរយើង។ បើគ្មានពេទ្យល្អៗទាំងនោះទេ អាយុជីវិតប្រជាជនខ្មែរយើងជាច្រើនប្រាកដជាត្រូវបានបាត់បង់។
ក្នុងនាមជាខ្មែរម្នាក់ដែលមានភ័ព្វសំណាងទទួលបានការអប់រំរហូត ថ្នាក់វេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក ខ្ញុំមានឆន្ទៈដើម្បីធ្វើយ៉ាងណាឱ្យសង្គមជាតិយើងមានសុខុមាលភាពនិងភាពសុខដុមរមនា ដូចនេះខ្ញុំមិនពាក់ព័ន្ធនឹងរឿងនយោបាយ ឬមានឆន្ទៈបន្ទោសបង្អាប់អ្វីឡើយដល់វិស័យសុខាភិបាលកម្ពុជា។
ខ្ញុំសូមសំណូមពរដល់ជនរួមជាតិទាំងអស់ កុំចាត់ទុកការលើកឡើងនេះជាបញ្ហានយោបាយ ឬព្យាយាមកេងចំណេញផ្នែកនយោបាយតាមគ្រប់រូបភាព ជាពិសេសសូមមេត្តាកុំកាត់តរូបខ្ញុំបាទ ភ្ជាប់ជាមួយនឹងអ្នកនយោបាយ ក៏ដូចជារូបភាពផ្សេងៗ ដែលធ្វើឱ្យមហាជនមានការយល់ច្រឡំ។
ដោយផ្ទុយទៅវិញ សូមចាត់ទុកការលើកឡើងពីបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំនេះ ជាការសំណូមពរដល់ពេទ្យដែលពុំទាន់មានក្រមសីលធម៌ឱ្យចាប់ផ្តើមមើលពីតម្លៃអាយុជីវិតរបស់អ្នកជំងឺ និងកែប្រែរាល់ចំណុចមិនល្អទាំងឡាយ និងសូមឱ្យការលើកឡើងរបស់ខ្ញុំនេះ ក្លាយជាការលើកទឹកចិត្តដល់ពេទ្យដែលមានក្រមសីលធម៌ទាំងអស់ ឱ្យបន្តកិច្ចការដ៏មានសារៈសំខាន់ និងមិនអាចខ្វះបាននេះបន្តទៀត៕