(កំពង់ចាម)៖ បន្ទាប់ពីខ្យល់កន្ដ្រាក់ភ្លាមៗ បណ្ដាលខូតខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលរស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានចុះសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកភ្លាមៗ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយបាតុភូតធម្មជាតិខ្យល់កន្ត្រាក់នេះ លោកបណ្ឌិត ម៉ា ឈឿន បានសំដែងការសោកស្តាយ ចំពោះការខូចខាតផ្ទះសម្បែងសម្រាប់រស់នៅ។

តំណាងរាស្រ្ដរូបនេះ បានបន្ដទៀតថា «គ្រោះមហន្ដរាយធម្មជាតិនេះ មិនមែនមានតែនៅកម្ពុជាយើងទេ គឺមានទូទាំងសកលលោក ដែលបាតុភូតធម្មជាតិខ្យល់កន្ត្រាក់នេះ យើងមិនអាចដឹងមុនទេ ដែលទាមទារឱ្យបងប្អូនយើងមានប្រុងប្រយ័ត្នខ្ពស់ កុំឱ្យមានគ្រោះថ្នាក់ជីវិត។ ដោយក្ដីបារម្ដនេះ ទើប រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ដ្រីក្រុមការងារបានយកចិត្ដទុកដាក់ខ្ពស់ ចុះសួរសុខទុក្ខស្វែងយល់ពីផលលំបាក ដើម្បីសម្រាលទុក្ខលំបាកភ្លាមៗដូចពេលនេះ»

ជាក់ស្ដែងដូចករណីខាងលើនេះ ឃើញមន្ដ្រីមូលដ្ឋានយើង បានផ្ដល់ព័ត៌មានភ្លាមៗមកថ្នាក់លើ ដើម្បីបន្ដចាត់ចែងមន្ដ្រីក្រុមការងារ ចុះស្វែងយល់ ពីផលប៉ះពាល់ ដើម្បីផ្ដល់ជាស្បៀងអាហារ ថវិកា និងសម្ភារចំាបាច់ជូនដល់គ្រួសាររងគ្រោះនេះ។

ទន្ទឹមនឹងនោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន បើមានភ្លៀងផ្គរ ឬខ្យល់កន្ត្រាក់ជាយថាហេតុដូចនេះ សូមចាកចេញពីកន្លែងហានិភ័យ ទៅរកទីកន្លែងដែលមានសុវត្ថិភាព ដើម្បីបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។

លោកបណ្ឌិត ក៏បានក្រើនរំលឹក ដល់អាជ្ញាធរ និងសមត្ថកិច្ចនៅគ្រប់មូលដ្ឋាន ត្រូវតាមដានបញ្ហាអាកាសធាតុ ឲ្យបានដិតដល់ ត្រូវប្រញាប់ប្រញាល់រូតរះ ចុះជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ខណៈដែលប្រជាពលរដ្ឋទទួលរងគ្រោះដោយបាតុភូតធម្មជាតិទាំងឡាយ។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋរងគ្រោះទាំង៦គ្រួសារ បានថ្លែងអំណរគុណដល់លោកបណ្ឌិត ម៉ា ឈឿន ដែលជាតំណាងរាស្ត្រមួយរូប ដែលតែងបានផ្សារភ្ជាប់សុខទុក្ខជាមួយរាស្ត្រគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រា ដែលប្រជាពលរដ្ឋជួបបញ្ហា គឺតែងមានមុខជានិច្ច ចុះជួបសួរសុខទុក្ខ និងជួយដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋ។

ជាពិសេស នៅថ្ងៃនេះតែម្ដង លោកបណ្ឌិត ម៉ា ឈឿន បានអញ្ជើញចុះមកដល់ទីកន្លែងផ្ទាល់ ដើម្បីសួរនាំអំពីស្ថានភាពនៃគ្រោះមហន្តរាយនេះ និងបានជួយផ្ដល់ជាស្បៀងអាហារ ថវិកា និងសម្ភារចំាបាច់មួយចំនួននេះ ដែលបានសម្រាលទុក្ខលំបាករបស់ពលរដ្ឋ បន្ទាប់ពីទទួលបានដំណឹង អំពីខ្យល់ព្យុះ បានបំផ្លិចបំផ្លាញផ្ទះសម្បែងនៅរសៀលថ្ងៃទី១៣មិថុនា ហើយលោកបានឲ្យមន្ត្រីមូលចុះមកសួរសុខទុក្ខ ដើម្បីស្វែងយល់ពីការខ្វះខាត សម្រាប់ជួយឱ្យទាន់ពេលវេលា៕