(ភ្នំពេញ)៖ លោក ជិន ម៉ាលីន មន្រ្តីគណបក្សប្រជាជនកម្ពុជា និងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលផងនោះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានលើកឡើងថា មន្ត្រីសាធារណៈក៏មានសិទ្ធិ និងសេរីភាពផ្នែកនយោបាយដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ផងដែរ។

តាមរយៈ Facebook ផ្លូវការរបស់ខ្លួន លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាគោលការណ៍ច្បាប់មន្រ្តីសាធារណៈ ត្រូវបំពេញមុខងារសម្រាប់ប្រយោជន៍សាធារណៈទៅតាមលក្ខន្តិកៈ និងបញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងស្ថាប័នរបស់ខ្លួន តែក៏នៅតែមានសិទ្ធិនិងសេរីភាពផ្នែកនយោបាយដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ផងដែរ ក្នុងការធ្វើសកម្មភាពគាំទ្រ និងកាន់ដំណែងផ្សេងៗក្នុងបក្សនយោបាយ ស្របតាមលក្ខន្តិកៈបក្សដោយមិនប៉ះពាល់ទៅនឹងការងារ និងម៉ោងពេលនៃការបំពេញមុខងារសាធារណៈរបស់ខ្លួន»

ក្នុងសម្លៀកបំពាក់ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីជាគ្រូឧទ្ទេសនយោបាយរបស់ក្រុមការងារយុវជនបក្សថ្នាក់កណ្តាល លោក ជិន ម៉ាលីន បានអះអាងថា ការធ្វើការងារបែបនេះ គឺជាអព្យាក្រឹត្យភាពនយោបាយ និងសិទ្ធិសេរីភាពផ្នែកនយោបាយរបស់មន្រ្តីសាធារណៈ។

សូមបញ្ជាក់ថា បច្ចុប្បន្នលោក ជិន ម៉ាលីន គឺជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ផងដែរ៕