(មណ្ឌលគិរី)៖ ដីទំហំជិត៧ហិកតា ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឋលគិរី បាននិងកំពុងមានជម្លោះប្រទាញប្រទង់គ្នារវាងកូនតំណាងរាស្ត្រ និងលោក កែវ សារ៉ាន់ ដែលជាមន្ត្រីយោធាកំពុងបង្កជាភាពស្មុគស្មាញ និងឈឺក្បាលសម្រាប់អាជ្ញាធរខេត្ត។
ទាក់ទងករណីទំនាស់ដីធ្លីនៅទីតាំងខាងលើនេះ Fresh news ប្រចាំខេត្តមណ្ឌលគិរី បានព្យាយាមស្វែងរកប្រភពច្បាស់លាស់មានភាពប្រាកដប្រជា អាចជឿនិងទុកចិត្ត។
លោក ឡុង ប៉ុក មេភូមិ ពូលូង ជាជនជាតិភ្នង និងជាអ្នកដឹងរឿងរ៉ាវដីធ្លីនៅទីតាំងទំនាស់ខាងលើនេះ បានបញ្ជាក់ថា ដីនេះជាដីចំការជនជាតិភ្នង បានលក់ឱ្យឈ្មោះ កែវ សារ៉ាន់ ក្នុងឆ្នាំ២០០៤ ហើយលោក កែវ សារ៉ាន់ មានឯកសារកាន់កាប់ទទួលស្គាល់ដោយមេភូមិ និងមេឃុំផងដែរ។
លោកមេភូមិបន្តថា ដីដែលលោក កែវ សារ៉ាន់ ទិញពីជនជាតិភ្នង មានអូរផង និងកូនភ្នំផង។ ដីនេះ ដាំដុះដំណាំផ្សេងៗ រួមនឹងស្រូវផងដែរកាលណោះ។
លោក ភី ងូក ចៅសង្កាត់រមនា ជាជនជាតិភាគតិចភ្នង បានថា អ្វីៗហាក់បីដូចជាស្ទើរតែផុតដៃរបស់លោកហើយ ព្រោះថា លោកជាចៅសង្កាត់ថ្មី ហើយទាក់ទងឯកសារកាន់កាប់ទទួលស្គាល់ គឺនៅលើលោកមេឃុំមុនៗ។ លោកចៅសង្កាត់បានសង្កន់ធ្ងន់ថា ករណីទំនាស់ដីធ្លីមួយនេះ ហាក់បីដូចជាគ្មានអ្វី្វីគួរឱ្យពិបាកទេ គឺសុទ្ធតែអ្នកធំៗយកតែឯកសារពាក់ព័ន្ធមកដាក់លើតុជជែកគ្នាដោះស្រាយគ្នាទៅវាចប់ហើយ។
លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទាក់ទងរឿងទំនាស់ដីធ្លីរវាងលោក កែវ សារ៉ាន់ និងក្រុមគ្រួសារកូនចៅរបស់លោក ចាន់ យឿន អតីតអភិបាលខេត្ត និងជាតំណាងរាស្រ្តមណ្ឌលគិរីនាពេលបច្ចុប្បន្ននេះ គឺសុទ្ធតែអ្នកអនុវត្តច្បាប់ និងអ្នកគោរពច្បាប់មិនពិបាកឈ្លោះប្រកែកគ្នានោះទេ។
លោកបានបញ្ជាក់ថា ភាគីទាំងសងខាងយកឯកសារកាន់កាប់ ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានមកដាក់លើតុរកដំណោះស្រាយ ដោយគណៈកម្មការដោះស្រាយវិវាទដីធ្លីក្រុងទៅ។ ក្រោយដោះស្រាយបើសិនភាគីណាមួយមិនយល់ព្រម អាចប្តឹងបន្តទៅថ្នាក់ខេត្ត និងថ្នាក់ជាតិ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ Fresh News ថា ទាក់ទងទំនាស់ដីធ្លីខាងលើនេះ សំខាន់ផ្អែកលើឯកសារជាគតិយុទ្ធ នាំគ្នាផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ និងអាចរកឃើញថា អ្នកណាកាន់កាប់មុន ឬក្រោយ និងអាចរកឃើញអ្នកចាញ់ និងអ្នកឈ្នះជាមិនខាន។
លោក កែវ សារ៉ាន់ បានបញ្ជាក់ថា ទីតាំងដីដែលកូនៗលោក ចាន់ យឿន អតីតអភិបាលខេត្តមណ្ឌលគិរី បច្ចុប្បន្នជាតំណាងរាស្រ្តមណ្ឌលគិរី ដែលមានឈ្មោះ ចាន់ សុផល, ឈ្មោះ ចាន់ រតនា, ឈ្មោះ សឹង ជ្រើង អធិការរងស្រុកកែវសីមា មកមានទំនាស់ជាមួយរូបលោកនេះ ទំហំជិត ៧ហិតា។ លោកបន្តថា ដីនេះលោកបានទិញពីជនជាតិក្នុងឆ្នាំ២០០៧។
លោក កែវ សារ៉ាន់ បានសំណូមពរអាជ្ញាធរខេត្តមណ្ឌលគិរីជួយរកដំណោះស្រាយឱ្យបានត្រឹមត្រូវ និងមានយុត្តិធរសម្រាប់ភាគីទាំងសងខាង។ ជាងនេះទៅទៀត កូនៗរបស់លោក ចាន់ យឿន មកបង្កជាទំនាស់ជាមួយលោកមិនដឹងថា ដីរបស់ពួកគេមានចំនួនប៉ុន្មានហិកតានោះទេ។
ពាក់ព័ន្ធវិវាទដីធ្លីខាងលើនេះដែរ លោក ចាន់ រតនា ដែលមានតួនាទីជានាយករដ្ឋបាលរងសាលាខេត្តមណ្ឌលគិរីធ្លាប់បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរីថា ចំនួនផ្ទៃដីដែលមានទំនាស់ជាមួយលោក កែវ សារ៉ាន់ នោះលោកមិនដឹងថាមានប៉ុន្មានហិកតានោះទេ៕