(ភ្នំពេញ)៖ ឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានគូសបញ្ជាក់ថា មានហេតុផលធំៗចំនួន៤ ដែលធ្វើឲ្យប្រទេសកម្ពុជា អាចមានការទាក់ទាញ វិនិយោគិនបរទេស មកបណ្ដាក់ទុនវិនិយោគច្រើនទ្វេដង ក្រោយបញ្ចប់ជំងឺកូវីដ-១៩។
ការកើនឡើងនៃការបណ្ដាក់ទុនវិនិយោគនេះ ត្រូវបានឧកញ៉ា នួន ឫទ្ធី អះអាងថា ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែលម្អ ទៅលើហេដ្ឋារចនាសម្ព័ន្ធវិនិយោគ, ការកែលម្អបន្ថែមថាមពល ដែលមានតម្លៃសមរម្យ, ការកែលម្អលើផ្នែកធនធានមនុស្ស និងបុគ្គលវិជ្ជាជីវៈមានជំនាញ។
ការគូសបញ្ជាក់បែបនេះ របស់ឧកញ៉ា នួន ឫទ្ធី ធ្វើឡើងក្នុងឱកាសដែលឧកញ៉ា អញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ពន្យល់ពី៖ «វិស័យអចលនទ្រព្យកម្ពុជា មុនពេល ក្នុងពេល និងក្រោយពេលជំងឺកូវីដ១៩»។
ឆ្លើយតបនឹងសំនួរ៖ បើសិនជាស្ថានភាពកូវីដ-១៩ ត្រូវបានបញ្ចប់ តើវិស័យអចលនទ្រព្យនៅកម្ពុជា មានចំណុចខ្លាំង និងមានលក្ខណៈសម្បត្ដិអ្វីខ្លះ ដើម្បីឆាប់ស្ដារឡើងវិញ? ឧកញ៉ា នួន ឫទ្ធី បានឆ្លើយថា «ខ្ញុំជឿថារាជរដ្ឋាភិបាល ក៏ដូចជាអ្នកវិនិយោទុន បានត្រៀមខ្លួនរួចជាស្រេច»។
ឧកញ៉ា នួន ឫទ្ធី បានឲ្យដឹងថា រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ កំពុងមានកំណែទម្រង់ ពាក់ព័ន្ធនឹងការស្រូបទាញការវិនិយោគចុងក្រោយ របស់ប្រទេស តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមទាំងមានការលើកលែងពន្ធត្រួតស៊ីគ្នាជាដើម ដើម្បីបង្កលក្ខណៈក្នុងការវិនិយោគ។
សម្រាប់ហេតុផលធំៗចំនួន៤ ដែលធ្វើឲ្យកម្ពុជា អាចទាក់ទាញវិនិយោគិនបរទេស ក្រោយបញ្ចប់កូវីដ-១៩នោះ ឧកញ៉ា នួន ឫទ្ធី បានឲ្យរៀបរាប់យ៉ាងដូច្នេះថា៖
ហេតុផលទី១៖ ធ្វើកាលានុវត្ដភាព ក្នុងការកំណែទម្រង់ លើការស្រួបទាញមួយចំនួន ដូចជា ការផ្ដល់សញ្ជាតិជូនបរទេស ដែលវិនិយោគមកកម្ពុជា (ក្នុងកម្រិតណាមួយ) គឺអាចផ្ដល់សញ្ជាតិ។
ហេតុផលទី២៖ គោលការណ៍ផ្កាយរះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលផ្ដល់ការវិនិយោគ១០០ភាគរយ ដល់អ្នកវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជា ដើម្បីជាការលើកទឹកចិត្ដ ហើយមានតែកម្ពុជាទេ ដែលមានគោលការណ៍បែបនេះ។
ហេតុផលទី៣៖ លុយដែលបានវិនិយោគនៅកម្ពុជា ចំណេញអាចយកទៅវិញ ដោយមិនមានផ្ដល់ប៉ះពាល់ ឲ្យតែលុយទាំងនោះ គឺជាលុយស្របច្បាប់ ហើយត្រូវបានការពារគាំទ្រ ពីរាជរដ្ឋាភិបាលគ្រប់ទាំងអស់ ក្នុងការផ្ដល់ភាពងាយស្រួលអធិបាលកិច្ចល្អ ដល់អ្នកវិនិយោគិន។
ហេតុផលទី៤៖ រាជរដ្ឋាភិបាល កំពុងតែមានការបង្កើត និងជំរុញពាក់ព័ន្ធនឹងថាមពល ជាពិសេសវិស័យដឹកជញ្ជូន ដែលរាជរដ្ឋាភិបាល កំពុងធ្វើការខំប្រឹងតភ្ជាប់ ពីតំបន់មួយទៅតំបន់មួយ ដើម្បីធ្វើឲ្យជនបទ និងទីក្រុងកាន់តែជិតគ្នា សម្រួលក្នុងការនាំចេញអីវ៉ាន់ ទៅក្រៅប្រទេស។
លើសពីនោះទៀត ឧកញ៉ា នួន ឫទ្ធី បានបញ្ជាក់ថា កម្ពុជានៅពេលចប់កូវីដ-១៩ អ្វីដែលជាការរំពឹងទុក របស់រាជរដ្ឋាភិបាល គឺលើសឆ្នាំ២០១៨ និងឆ្នាំ២០១៩ទៀត ហើយមានការកើនទ្វេដងផងដែរ៕