(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងអបអរសាទរ ដែលរដ្ឋបាលឯកភាពខេត្តត្បូងឃ្មុំមានមន្ទីរ ជាសេនាអធិការផ្ទាល់ គឺមន្ទីរសុខាភិបាល ដោយបានជំរុញលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឱ្យបន្តបង្កើនការគ្រប់គ្រងគុណភាពនៃការផ្ដល់សេវា សុខភាពទាំងផ្នែកសាធារណៈ និងឯកជនដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាព។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបែបនេះក្នុងឱកាសដែលលោក និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ និងដាក់ ឲ្យដំណើរការ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីរាជការនៃសុខាភិបាលខេត្តត្បូងឃ្មុំជាច្រើនរូបទៀត នៅសាលប្រជុំ(គ) សាលាខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបញ្ជាក់ថា ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ត្រូវដាក់ឲ្យដំណើរការក្រោយរាជរដ្ឋាភិបាល សម្រេច ឲ្យខេត្ត គ្រប់គ្រងវិញ ដែលនេះជាការផ្ទេរមុខងារ និងធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិ ជាផ្នែកមួយយ៉ាងសំខាន់នៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការផ្សព្វផ្សាយនេះដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ពីការអនុវត្តតួនាទី និងភារកិច្ចលើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាម គោលការណ៍និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ ប្រធានមន្ទីរសុខាភិបាលក៏ត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាព ចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រងការចាត់ចែងការគាំទ្រ ផ្នែកបច្ចេក ទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាល ដែលបានប្រគល់ទៅឱ្យរដ្ឋបាលខេត្ត។
លោកអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ និងមន្រ្តីរដ្ឋបាល ត្រូវសហការ គ្នាឱ្យបានល្អ ក្នុងការបំពេញភារកិច្ចការងារពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋលើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីលធម៌ ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀតស្របតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យបាននូវសុខុមាល ភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍៕