(តាកែវ)៖ បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន បាននៅក្នុងខេត្តបន្ទាយមានជ័យ បានពុលស្រាស្លាប់ចំនួន៧នាក់ កាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ (ក.ប.ប) ខេត្តតាកែវ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យនៅតាមបណ្ដាលផ្សារ និងកន្លែកលក់ស្រាមួយចំនួន ដើម្បីស្វែងរកស្រាថ្នាំចិនសែ «តាំងគួយ» ដែលមានសារធាតុពុលបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។
លោក ប៉ោ លាងគង់ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ (ក.ប.ប) ខេត្តតាកែវ បានថ្លែងថា ក្រោយពីមានករណីពុលស្រាថ្នាំចិនសែ «តាំងគួយ» នៅខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យស្លាប់ប្រជាពលរដ្ឋចំនួន ៧នាក់ មន្រ្តីរបស់លោកសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធក្រុងស្រុកបានចុះត្រួតពិនិត្យនៅតាមបណ្ដាលផ្សារ និងកន្លែងលក់ស្រាមួយចំនួន នៅក្នុងខេត្តតាកែវ ក៏ប៉ុន្តែ ជាលទ្ធផលនៅតាមទីផ្សារ និងកន្លែងលក់ស្រានានា មិនមានការដាក់លក់ប្រភេទស្រាចិនសែ «តាំងគួយ» នេះនោះទេ។
លោក ប៉ោ លាងគង់ បានបន្តថា បើទោះបីជាមន្រ្តីជំនាញមិនបានស្វែងរកឃើញប្រភេទស្រាថ្នាំចិនសែ «តាំងគួយ» លក់ដាក់លក់លើទីផ្សារយ៉ាងណាក៏ដោយ ក៏មន្រ្តីជំនាញ និងអាជ្ញាធក្រុងស្រុកបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះស្រាថ្នាំចិនសែ «តាំងគួយ» ដោយមិនត្រូវទិញស្រានេះនេះផឹកឱ្យសោះ ហើយប្រសិនបើមានឃើញដាក់លក់នៅតាមតីផ្សារឬកន្លែងណាមួយសូមរាយការណ៍មន្រ្តីជំនាញ ឬអាជ្ញាធក្រុងស្រុក ដើម្បីធ្វើការរឹបអូសយកទៅដុតកម្ទេចចោលចៀសវាងប្រជាពលរដ្ឋទិញយកទៅផឹកដែលនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។
គួបញ្ជាក់ថា កាលពីថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២០ មានករណីពុលស្រាថ្នាំចិនសែ យីហោ «ស្រាថ្នាំចិនសែតាំងគួយ» បានកើតឡើងនៅស្រុកមង្គលបុរី ស្រុកម៉ាឡៃ និងនៅក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពុលប្រជាពលរដ្ឋចំនួន៤១នាក់ ស្លាប់ចំនួន៧នាក់៕