(ភ្នំពេញ)៖ លោកឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលជាអ្នកជំនាញមួយរូបលើវិស័យអចលនទ្រព្យនៅកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ គឺជាពេលដ៏ល្អបំផុតសម្រាប់អ្នកវិនិយោគ លើវិស័យអចលនទ្រព្យ ពិសេសអ្នកទិញដីគួរតែទិញដី ព្រោះមានឱកាសក្នុងការចំណេញច្រើនបំផុតក្រោយចប់កូវីដ១៩។
ការឲ្យដឹងបែបនេះរបស់លោក ឧកញ៉ា នួន ឫទ្ធី ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News ក្រោមប្រធានបទ «វិស័យអចលនទ្រព្យកម្ពុជាមុនពេល ក្នុងពេល និងក្រោយពេលជំងឺកូវីដ១៩»។
លោកឧកញ៉ា នួន ឫទ្ធី ថ្លែងឲ្យដឹងថា «ខ្ញុំសូមផ្ដាំផ្ញើដល់អ្នកវិនិយោគលើវិស័យដីធ្លីទាំងអស់ថា ក្នុងកំឡុងពេលនេះប្រសិនបើ មានលទ្ធភាពអ្នកគួរតែវិនិយោគលើវិស័យដីធ្លីបន្ដ ដោយសារតែតម្លៃអចលនទ្រព្យនៅល្អប្រសើរ មួយវិញទៀតពេលនេះ អ្នកលក់កំពុងតែចង់លក់ រីឯអ្នកទិញកំពុងតែចង់ទិញ ហើយបើទិញពេលនេះ អ្នកអាចមានឱកាសចំណេញចន្លោះពី៣០-៤០ភាគរយ»។
លោកឧកញ៉ាបន្ដថា ប៉ុន្ដែការទិញក៏ត្រូវមើលផងដែរទៅលើទីតាំង, មើលលើឯកសារគិតយុត្ត ជ្រើសរើសលើគម្រោងឲ្យបានល្អ និងមានតម្លៃសមរម្យ។
លោកឧកញ៉ាថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះវិស័យអចលនទ្រព្យកម្ពុជា ក្នុងកំឡុងពេលកើតឡើងនៃជំងឺកូវីដ១៩នេះ គឺមានផ្នែកមួយចំនួន នៅមានដំណើរការល្អប្រសើរ ចំណែកផ្នែកខ្លះមានផលប៉ះពាល់មួយចំនួន ប៉ុន្ដែមិនមានភាពធ្ងន់ធ្ងរពេកនោះទេ។
លោកបានបន្ថែមថា ក្នុងកំឡុងពេលនៃជំងឺកូវីដនេះ ក៏មានឱកាសជាច្រើនផងដែរ ចំពោះអ្នកវិនិយោគដីធ្លីវិញគឺ អ្នកទិញ និងអ្នកប្រើប្រាស់ទទួលបានតម្លៃទាប ចំណែកអ្នកអភិវឌ្ឍន៍ និងអ្នកសាងសង់ក៏បានក្នុងតម្លៃទាប ដោយសារតែកត្តាជាច្រើនដូចជា មានកំលាំងពលកម្មច្រើន, វត្ថុធាតុដើមធូរថ្លៃជាងមុន៕