(សេអ៊ូល)៖ រដ្ឋាភិបាលផ្តាច់ការកូរ៉េខាងជើង បានបញ្ជូនខិតប័ណ្ឌផ្សព្វផ្សាយប្រមាណ ១លានសន្លឹក ឆ្លងព្រំដែនចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង ចំពេលមានភាពតានតឹង បន្ទាប់ពីមានការអះអាង របស់រដ្ឋាភិបាលកូរ៉េខាងជើង ថាខ្លួនបានធ្វើការបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន ជាលើកដំបូង ប្រកបដោយភាពជោគជ័យ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ចេញផ្សាយនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Kim Min-Seok បានឲ្យដឹងថា កងកម្លាំងកូរ៉េខាងជើង បានបាច់ខិតប័ណ្ឌផ្សព្វផ្សាយប្រឆាំងកូរ៉េខាងត្បូង ស្ទើរជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃពុធ ដោយមានចំនួនប្រមាណ១លានសន្លឹក មកលើទឹកដីកូរ៉េខាងត្បូង។ ខិតប័ណ្ឌ បានធ្វើការរិះគន់រដ្ឋាភិបាល និងប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ដោយខិតប័ណ្ឌនោះបានបង្ហោះចូលមក តាមរយៈប៉េងបោង ចេញពីកូរ៉េខាងជើង មកកាន់តំបន់មួយចំនួននៃរដ្ឋធានីសេអ៊ូល និងតំបន់ភាគខាងជើងកូរ៉េខាងត្បូង ជិតនឹងព្រំដែននៃកូរ៉េទាំងពីរ។
កូរ៉េទាំងពីរ បានបញ្ឈប់សង្គ្រាមចិត្តសាស្ត្រ នៅតំបន់ព្រំដែន ចាប់តាំងពីឆ្នាំ២០០៤ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០០០។ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានចាប់ផ្តើមឃោសនាផ្សព្វផ្សាយឡើងវិញ នៅក្នុងខែសីហា ឆ្នាំ២០១៥ នៅក្នុងការតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនបានអះអាងថា មានការដាក់បំផ្ទុះគ្រាប់មីន ដោយកងកម្លាំងកូរ៉េខាងជើង បានបង្កឲ្យពិការភាព ដល់ទាហានកូរ៉េខាងត្បូងចំនួន២នាក់៕