(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ចាប់ពីថ្ងៃទី១៥ ខែមិថុនានេះតទៅ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់ផ្តើមអនុវត្តនូវសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីការតំកល់ថវិកា នៅពេលអ្នកដំណើរជាជនបរទេសចូលមកកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធធនាគារ ដែលមានបញ្ជរនៅតាមទីតាំង ដែលអ្នកដំណើរមកដល់។

ក្នុងនោះក្រសួងបានរៀបចំដាក់ប្រព័ន្ធធនាគារឯកជន នៅព្រលានយន្តហោះ សម្រាប់ជនបរទេស ដែលតម្រូវឲ្យតម្កល់លុយទុកចំនួន៣ពាន់ដុល្លារ សម្រាប់ចំណាយផ្សេងៗដូចជា ទៅលើការធ្វើតេស្ត និងចត្តាឡីស័ក ពេលធ្វើដំណើរចូលមកកម្ពុជា។

ការថ្លែងបែបនេះរបស់ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងកិច្ចប្រជុំស្តីពីវិធានការការពារ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ មានការចូលរួមពីស្ថាប័នពាក់ព័ន្ធ រួមជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតចំនួន១០ប្រទេស និងតំណាងស្ថានបេសកកម្មការទូតបរទេសចំនួន២១ប្រទេស ព្រមទាំងប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ១៩នៅកម្ពុជា ដោយបានគូសរំលេចថា រហូតមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាមានករណីវិជ្ជមានកូវីដ១៩ (Confirmed Cases) ចំនួន១២៨ករណី ជាសះស្បើយចំនួន១២៥ និងមិនមានករណីស្លាប់ទេ។

រដ្ឋមន្ត្រីបានថ្លែងបញ្ជាក់នៅក្នុងអង្គប្រជុំ ពីវិធានការនានា ដែលបានដាក់ចេញឱ្យអនុវត្ត ដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អ្នកដំណើរជាជនបរទេស ដែលចូលមកកម្ពុជាតម្រូវឲ្យមាន៖

១៖ វិញ្ញាបនបត្រសុខភាព បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង

២៖ ឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារអាមេរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា (តម្រូវការនេះមិនសម្រាប់មន្ត្រី នៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ)

៣៖ អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍

៤៖ ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលមានកូវីដ១៩ វិជ្ជមាន រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់ តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំង ដែលកំណត់ដោយគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩

៥៖ ក្នុងករណីអ្នកដំណើរ ទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា កូវីដ១៩អវិជ្ជមាន នោះពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះកិច្ចសហប្រតិបត្តិការរបស់បណ្តា ស្ថានបេសកកម្មការទូតបរទេសប្រចាំកម្ពុជា ក្នុងការចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងវិធានការដែលបានដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធានាបានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩៕