(បាត់ដំបង)៖ លោក ច័ន្ទ សុផល អភិបាលខេ្តបាត់ដំបង បានថ្លែងលើកពីគុណូបការៈរបស់គ្រូបង្រៀន ដោយអះអាងថា គ្រូ ជាមា តាបិតាទី២ ហើយបើគ្មានគ្រូបង្រៀន ផ្តល់ចំណេះចេះដឹងទេ ក៏មិនអាចជួយឲ្យមានការអភិវឌ្ឍផ្នែកបញ្ញា ស្មារតី ដើម្បីប្រកបរបរ ចិញ្ចឹមជីវិតនោះឡើយ។
លោកអភិបាលខេត្ត ដែលទទួលបានការសរសើរ ពីនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ ក្នុងឱកាស សម្ពោធដាក់ឲ្យប្រប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង និងសមិទ្ធិផលផ្សេងទៀត នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅបរិវេណអនុវិទ្យាល័យបួរ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក ម៉ាកថូម៉ាសជេននី សហស្ថាបនិកសមាគម សម្តេចសុបិនកុមារកម្ពុជា និង លោក ម៉ាកូតូ ហ៊្វូកាហ្កាវ៉ា ជនជាតិជប៉ុន ដែលជាម្ចាស់ជំនួយ បានបញ្ជាក់ថា ការកសាងសាលា ១ខ្នង បានមកពីកិច្ចសហការជាមួយអង្គការ សម្រេចសុបិនកុមារកម្ពុជា និងសប្បុរសជនជាម្ចាស់នានា។ សាលា ១ខ្នង មាន៥បន្ទប់ បង្គន់អនាម័យ ១ខ្នង មាន៣បន្ទប់ និងបំពាក់គ្រឿងសង្ហារឹមរួចជាស្រេច ដោយបានចំណាយប្រាក់ ៥៤.០០០ដុល្លាអាមេរិក។
លោក ច័ន្ទ សុផល អភិបាលខេត្តបានថ្លែងអំណរគុណកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរ មូលដ្ឋាន បានជួយដល់អង្គការ សម្រេចសុបិនកុមារកម្ពុជា និងម្ចាស់ជំនួន ដែលបានខិតខំធ្វើកិច្ចការមនុស្សធម៌ រហូតដល់បានសម្តេចជាស្ថាពរ និងត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។
លោក ច័ន្ទ សុផល បានបញ្ជាក់ប្រាប់សិស្សសាលាទាំងអស់ថា «យើងបានទទួលសាលា ១ខ្នងមាន ៥បន្ទប់ថ្មីនេះ ជាការជួយសម្រាលដល់កូនៗ បានមករៀននៅជិតផ្ទះ ងាយស្រួលជាមុន។ កូនៗ មានសាលារៀនហើយ គឺខិតខំរៀនសូត្រឲ្យពូកែ ប្រឡងជាប់សញ្ញាបត្រ ដើម្បីបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា ឲ្យបានចប់ទៀត ការរៀនសូត្រនេះ មិនសំដៅថា កូនអ្នមាន ឬអ្នកក្រទេ ឲ្យតែខិតខំរៀនដោយទន្ទេញឲ្យចេះចាំ ទើបពូកែ អាចប្រឡងបញ្ចប់បាន។ នេះគឺជាការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យអប់រំនៅកម្ពុជា ឈានទៅរកការអភិវឌ្ឍន៍ ប្រទេសជាតិហើយ ក៏ជាអ្នកបន្តវេណផងដែរ»។
លោក អភិបាលខេត្តបាបន្តថា «គ្រូបង្រៀន គឺជាមាតាបិតាទី២ របស់យើងទាំងអស់គ្នា បើគ្មានពួកគាត់ជាគ្រូខំបង្រៀនយើង ឲ្យមានចំណេះចេះដឹង បានធ្វើការយើងគ្រប់យ៉ាងបាន និងក៏គ្មានការរីកចម្រើនអ្វីដូចសព្វថ្ងៃដែរ ដូច្នេះកូនត្រូវគោរពលោកគ្រូ អ្នកគ្រូ យើងឲ្យស្មើនិងឪពុកម្តាយយើងដែរ នេះវប្បធម៌ សុជីវធម៌ គុណធម៌ ដែលកូនខ្មែរ ត្រូវតែយកមកអនុវត្តឲ្យបានគ្រប់ៗគ្នា ទើបជាសិស្សល្អកូនល្អបាន»។
នាឱកាសនោះ គណៈអធិបតី បានបំពាក់មេដាយ ដល់សប្បុរសជន និងជូនវត្ថុអនុស្សាវរីយ៍ ព្រមទាំងចូលទស្សនាថ្នាក់រៀនថ្មី ព្រមទាំងថតរូបជុំគ្នា ទុកជាអនុស្សាវរីយ៍ផងដែរ៕