(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុន បានបញ្ជាក់ថា ខ្លួននឹងហោះហើរត្រង់មកកាន់កម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបរវាង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុងលោក Shinya Katanozaka ប្រធាននា​យកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ ANA HOLDINGS INC នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ Imperial Tokyo នាទីក្រុងតូក្យូ ដើម្បីប្រគល់នូវលិខិតអបអរសាទរ​របស់​សម្តេចតេជោ ហ៊ុន សែន ចំពោះក្រុមហ៊ុន ANA ក្នុងការសម្រេចចិត្តដំណើរការនូវជើងហោះហើរត្រង់ ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ នេះបើការចុះផ្សាយតាម Facebook Page របស់ BLUE TV Cambodia ។   
 
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ក្នុងជំនួបនោះ លោក Katanozaka បានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុនអាកាសចរណ៍ ANA នឹងចាប់ផ្តើមជើងហោះហើរផ្ទាល់ប្រចាំថ្ងៃ ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០១៦ ហើយក្រុមហ៊ុន ANA នឹងធ្វើការប្រកាសនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នូវផែនការហោះហើរអន្តរជាតិ សម្រាប់ឆ្នាំ២០១៦ ដែលក្នុងនោះជើងហោះហើរ ទៅកាន់ប្រទេសកម្ពុជា ជាផ្លូវហោះហើរថ្មីតែមួយគត់ ដែលក្រុមហ៊ុនគ្រោងនឹងបើកនៅឆ្នាំ២០១៦នេះ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់ឆ្នាំ២០១៤ កម្ពុជាទទួលបានអ្នកវិនិយោទុនជប៉ុន មកវិនិយោគប្រមាណ៩៣គម្រោងដែលសរុបជាទឹកប្រាក់ប្រមាណជាង ៦០០លានដុល្លាអាមេរិកដែលសមិទ្ធផលទាំងនេះ គឺក្រោមការដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងការអនុវត្តការងារយ៉ាងយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា៕