(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។ គម្រោងនេះនឹងធ្វើឡើង ដើម្បីឆ្លើយតបនឹងកំណើនរបស់ប្រជាពលរដ្ឋចេះតែកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅ អាស្រ័យនឹងការរកស៉ី និងធ្វើការផ្សេងទៀតមានសរុបប្រមាណជាង ៣លាននាក់។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ស្របពេលដែលស្ពាននេះ ត្រូវបានស្ថាបនារួចរាល់ប្រមាណជា ៩៥ភាគរយហើយនោះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «សម្រាប់ភ្នំពេញរបស់យើងមកដល់ពេលនេះទាំងអ្នកស្នាក់អាស្រ័យទាំងអ្នកស្នាក់នៅអចិន្រ្តៃយ៍ មានចំនួនប្រមាណជាង ៣លាននាក់ ដែលតម្រូវឲ្យរដ្ឋបាលរាជធានី ភ្នំពេញយើង ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងការកសាងផ្លូវលូជាមួយនឹងការកសាងស្ពានអាកាសក្រោមដីលើដី និងស្ពានអាកាសថ្មើជើងជាដើមដើម្បីរំដោះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែង សម្រាប់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀតនោះ គឺស្ពានអាកាសថ្មើរជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើង នៅស្តុបសន្ធរម៉ុក»

លោកបញ្ជាក់ទៀតថា ដើម្បីតម្រូវការទៅតាមការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់រាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ភ្នំពេញពិតជាមានការអភិវឌ្ឍយ៉ាងលឿន ជាក់ស្ដែងបើតាមការសិក្សាអង្គការចៃកាបានបង្ហាញថា ស្ពានលីយ៉ុងផាត់ ឬស្ពានព្រែកព្នៅ នឹងចាប់ផ្តើមស្ថាបនាឡើងនៅឆ្នាំ២០២០ ប៉ុន្តែវាមិនដូច្នោះទេ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ស្ពាន លីយ៉ុងផាត់ ហៅស្ពានព្រែកព្នៅ ស្ថាបនាបានរួចរាល់តាំងពីឆ្នាំ២០១០មកម៉្លេះ មានន័យថាកម្ពុជាយើងបានអភិវឌ្ឍលឿនមុន ១០ឆ្នាំ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន SpacemediaCo,Ltd ឲ្យដឹងថា គិតមកដល់ពេលនេះការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះ បានសម្រេចលទ្ធផលប្រមាណជា ៩៥ភាគរយហើយ ពោលនៅសល់តែការក្រាលកំរាលថ្មើជើង ការសម្អាត ការតុបតែងការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ ៣សប្តាហ៍ទៀត។

ចំណែកស្ពានអាកាសថ្មើរជើងនៅត្រង់មុខ សាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

គួរបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែង ក្នុងនោះរួមមាន៖ នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍ និងទីក្រុងមានភាពស៉ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕