(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមនិងមន្រ្តីខណ្ឌជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះទៅពិនិត្យមើល សកម្មភាពស្តារប្រឡាយទួលពង្រ ស្ថិតនៅទីតាំងដីការដ្ឋានសំណង់បុរីជីបម៉ុង ជាប់និងរោងចក្រអគ្គីសនីកម្ពុជា ខាងកើតភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលនៅទីនោះ ស្ថានភាពប្រឡាយតូចចង្អៀត និងគោករាក់ដោយដី ស្មៅ និងកំប្លោក ដែលចាំបាច់ត្រូវតែដាក់សាឡង់ ទើបដំណើរការបាន។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ប្រឡាយទួលពង្រទាំង២ខ្សែនេះ មានព្រំប្រទល់ ខាងលិចទល់និងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខាងកើត ទល់នឹងព្រំប្រទល់ខណ្ឌដង្កោ និងខណ្ឌមានជ័យ មានប្រវែងជាង២,០០០ម៉ែត្រ បានចាប់ផ្តើមដំណើរការស្តារ៣សប្តាហ៍មក ហើយដោយសំរេចបានជាង៩០% គឺនៅសល់តែតំបន់ចុងប្រឡាយនេះតែប៉ុណ្ណោះ។

ប្រឡាយទួលពង្រទាំង២ខ្សែនេះ មានសារសំខាន់ណាស់ ក្នុងការរំដោះទឹក ទាំងជំនន់ទឹកភ្លៀង និងទឹកប្រើប្រាស់ប្រចាំថ្ងៃ នៃតំបន់ភាគខាងត្បូងភូមិសាស្រ្ត ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ ជាច្រើនឆ្នាំហើយប្រឡាយទួលពង្រ ទាំង២ខ្សែនេះមិនដែលបានស្តារម្តងណាឡើយ ធ្វើឲ្យតួប្រឡាយទាំងមូល ត្រូវគោករាក់ដោយភក់ល្បប់ ស្មៅ និងកំប្លោក។

ជាងនេះទៀត កន្លែងខ្លះត្រូវបាន ប្រជាពលរដ្ឋលួចចាក់ដីលប់ប្រឡាយ យកធ្វើជាកម្មសិទ្ធ, ចាក់ផ្លូវចូលផ្ទះ ដោយដាក់លូតូចៗជំនួស និងកន្លែងខ្លះពលរដ្ឋចាក់សំរាម ឬកំទេចកំទីគ្រឿងសំណង់ចូលផងដែរ ដែលក្នុងស្ថានភាពនេះ បានធ្វើឲ្យតួប្រឡាយកាន់តែរួមតូច និងគោករាក់ ស្ទះចរន្តទឹកហូរ បណ្តាលឲ្យមានការលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋប៉ែងខាងលើ ជារៀងរាល់ឆ្នាំ។

ក្នុងការចុះពិនិត្យសកម្មភាពស្តារប្រឡាយនេះ លោក ហែម ដារិទ្ធ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមមេត្តាកុំរំលោភ លូ ប្រឡាយ និងកុំបោះសំរាម ឬសំណល់ផ្សេងៗចូលប្រឡាយ នាំប្រឡាយគោករាក់ ស្ទះចរន្តទឹក បង្ករការលិចលង់លំនៅដ្ឋាន។

លោកអភិបាលខណ្ឌ បានលើកឡើងថា ពេលភ្លៀងម្តងៗ អាជ្ញាធរខណ្ឌ-សង្កាត់ មិនបានដេកផ្ទះស្រួលដូចបងប្អូនទេ គឺចុះកាយសំរាមតាមមាត់លូគ្រប់កន្លែង ដែលសំរាមទាំងនេះ មិនមែនអ្នកក្រៅឯណា យកមកបោះចោលនោះទេ គឺបងប្អូននៅម្តុំនោះឯង ដល់ពេលទឹកលិចផ្ទះ តាំងស្រែងរកអាជ្ញាធរថា មិនមើលការខុសត្រូវ ដែលការងារនេះ ទោះជាអាជ្ញាធរមានដៃ១០០ ក៏ធ្វើមិនអស់ដែរ បើបងប្អូនមិនចូលរួមសំអាតទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនេះដែរ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ១៩ជាបន្តទៀត ដោយអនុវត្តឲ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបជាការប្រសើរ៕