(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុកថា កិច្ចខិតខំពង្រឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាសសរស្តម្ភនៃនិរន្តរភាពជីវភាពរស់នៅសមរម្យ ជាពិសេសក្នុងចំណោម ក្រុមងាយរងគ្រោះ និងការជ្រោងកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់នឹងវិបត្តិនានា ដូចជាជំងឺរាតត្បាត COVID-19 ជាដើម។

ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងបន្ថែមអំពីសារៈសំខាន់នៃ TVET ធនាគារអភិវឌ្ឍន៍អាស៊ី រួមសហការជាមួយភ្នាក់ងារពាក់ព័ន្ធផ្សេងៗ បាន និងកំពុងគាំទ្ររាជរដ្ឋភិបាលកម្ពុជា ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ នៅថ្ងៃទី១៥ ខែមិថុនា ក្រោមប្រធានបទ «TVET ធ្វើឲ្យជីវិតកាន់តែប្រសើរ»។

ចាប់តាំងពីឆ្នាំ២០១៤មក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធ្វើកំណែទម្រង់លើកស្ទួយប្រព័ន្ធ និងកម្មវិធី TVET នៅកម្ពុជាឲ្យដល់កម្រិតថ្មីមួយទៀត ដោយបានវិនិយោគថវិកាជិត១៧៥លានដុល្លារ។

ការងារនេះរួមមានការសម្រួចជំនាញ និងសមត្ថភាពប្រកួតប្រជែងកម្លាំងពលកម្ម ផ្នែកឧស្សាហកម្មរបស់ប្រទេសកម្ពុជា ព្រមទាំងអភិវឌ្ឍធនធានមនុស្ស សម្រាប់វិស័យអាទិភាពទាំងបួនរួមមាន ផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិច។

វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសដែលបានជ្រើសរើស ត្រូវបានប្រែក្លាយទៅជាវិទ្យាស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាំមុខគេទូទាំងប្រទេស ដើម្បីអភិវឌ្ឍអ្នកបច្ចេកទេសប្រកបដោយគុណភាពខ្ពស់ សម្រាប់វិស័យអាទិភាព ហើយឆ្លើយតបទៅនឹងបន្លាស់ប្តូរតម្រូវការផ្នែកឧស្សាហកម្ម និងបច្ចេកទេស។

ការគាំទ្រក្នុងការអប់រំ និងការអភិវឌ្ឍជំនាញរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានចូលរួមចំណែកនាំមកនូវបរិក្ខារបង្កើនជំនាញ សម្ភារសិក្សា ព្រមទាំងគុណភាពបង្រៀនដល់សិស្សវិទ្យាល័យជិតកន្លះលាននាក់ (ដែលក្នុងនោះ ៤០%ជាស្រ្តី) និងបានជួយ សិស្ស ប្រមាណ ៣៤,០០០នាក់ (មានស្រ្តី ៥២,៨%) ចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET។

ដោយគិតគូរអំពី «ភាពធម្មតាក្នុងររិបទថ្មី» ដែលនាំមកដោយការរាតត្បាតនៃជំងឺ COVID-19 គម្រោងរបស់ ADB ក៏ពង្រឺងតួនាទី និងការចូលរួមនៃវិស័យឧស្សាហកម្មក្នុងការអភវឌ្ឍជំនាញ ដោយផ្តោតលើ ការពង្រឹងជំនាញ (upskilling) និងការប្តូរជំនាញ (reskilling) ក្នុងចំណោមកម្មករ។

វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងឧស្សាហកម្ម បានបង្កើតដៃគូ ដើម្បីលើកកម្ពស់កម្មវិធីសិក្សានៅកន្លែងការងារ(work-based learning) និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (Skills Development Fund) ដែលជាយន្តការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យ TVET ថ្មី។

កម្មវិធីTVET ដែលមានគុណភាព ហើយធន់នឹងវិបត្តិនឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ដើម្បីបង្កើន សហគ្រាសខ្នាតតូចនិងមធ្យម (small and medium sized enterprises or SMEs) ដែលជាឆ្អឹងខ្នងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច ប្រកបដោយនិងរន្តរភាព៕