(បន្ទាយមានជ័យ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានស្នើឲ្យក្រុមហ៊ុនវិនិយោគបង្កើតកសិដ្ឋានបណ្តុះកូនឈើ និងដាំឈើឧស្សាហកម្ម (ដើមប្រេងខ្យល់) ដែលមានទីតាំងស្ថិតក្នុងខេត្តបន្ទាយមានជ័យ បង្វែរមកបង្កើតរោងចក្រកែច្នៃ និងផលិតក្រដាសនៅកម្ពុជា ប្រសើរជាងដឹកជញ្ជូនវត្ថុធាតុដើមទៅប្រទេសថៃ។

ការស្នើរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសចុះពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., Ltd.) ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។

បើតាមតំណាងក្រុមហ៊ុននេះបញ្ជាក់ថា ក្រុមហ៊ុនបានវិនិយោគបង្កើតកសិដ្ឋានបណ្តុះកូនឈើ និងដាំឈើឧស្សាហកម្ម (ដើមប្រេងខ្យល់) និងសាងសង់រោងចក្រកែច្នៃឈើពាក់កណ្តាលសម្រេច ដើម្បីយកចំណិតឈើទៅផលិតជាក្រដាស និងជាថាមពលនៅប្រទេសថៃ។

រដ្ឋមន្ត្រីបានលើកទឹកចិត្ត និងគាំទ្រក្រុមហ៊ុនឱ្យពង្រីកការដាំឈើលើផ្ទៃដីដែលមានស្រាប់ និងធ្វើកិច្ចសន្យាដាំជាមួយក្រុមហ៊ុនក្នុងស្រុក ជាមួយកសិករ ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន និងគាំទ្រ និងលើកទឹកចិត្តក្នុងការប្រើប្រាស់ កែច្នៃវត្ថុធាតុដើមជាឈើដាំក្នុងស្រុក ព្រមទាំងលើកទឹកចិត្តដល់ការដាំឈើជាចម្ការលក្ខណៈគ្រួសារ តាមរយៈផលិតកម្មតាមកិច្ចសន្យា (រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋមូលដ្ឋាន)។

ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យក្រុមហ៊ុនបង្កើតរោងម៉ាស៊ីនកែច្នៃឈើចំណិត ឬឈើចិញ្ច្រាំ (Wood Chip) ០១កន្លែងស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ លោករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតរោងចក្រកែច្នៃ ឬផលិតក្រដាសនៅកម្ពុជាតែម្តង ប្រសើរជាងដឹកជញ្ជូនវត្ថុធាតុដើមទៅប្រទេសថៃ។ ចំពោះការងារបច្ចេកទេសទាក់ទងការដាំ និងបង្កាត់ ក្រុមហ៊ុនត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

សូមជម្រាបថា បច្ចុប្បន្នរោងម៉ាស៊ីនកែច្នៃឈើចំណិត ឬឈើចិញ្ច្រាំ (Wood Chip) នេះមាន០១ខ្សែចង្វាក់ផលិតកម្មកែច្នៃប្រភេទធំ ដែលមានសមត្ថភាពផលិត (ការចិញ្ច្រាំឈើមូលដើមប្រេងខ្យល់) ពី ១៥-២០តានក្នុង១ម៉ាង ដែលដំណើរការពី៦-៨ម៉ោង/ថ្ងៃ (ថ្ងៃការងារមានចំនួន២០-២៤ថ្ងៃ/ខែ មានអត្រាកែច្នៃស្មើ ៨០% (ក្នុងនោះអត្រាបាត់បង់លើសំបកចំនួន១៨% និងអាចម៍រណាចំនួន២%)។

ក្រុមហ៊ុនមានចម្ការឈើដើមប្រេងខ្យល់ (ពូជបង្កាត់ K7) ចំនួន០៤កន្លែង (ក្នុងខេត្តបន្ទាយមានជ័យ ០២កន្លែង បាត់ដំបង០១កន្លែង និងប៉ៃលិន ០១កន្លែង) លើផ្ទៃដីសរុបទំហំ១០៥៦ហិកតា។ ឆ្នាំ២០១៧-២០១៨ ក្រុមហ៊ុនបានដាំកូនឈើសរុបចំនួន ២ ៣៤៤ ៥៦៤ដើម។

បច្ចុប្បន្នក្រុមហ៊ុនបានកាប់ប្រមូល ពីចម្ការឈើដាំខាងលើមួយចំនួន និងទទួលទិញពីប្រជាពលរដ្ឋពីបណ្តាខេត្តនានា (ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ តាកែវ និងខេត្តកំពត) ដឹកមកកាន់រោងម៉ាស៊ីនកែច្នៃឈើរបស់ខ្លួន នូវបរិមាណសរុបចំនួន ៩ ៧៦៥តោន ភាគច្រើនដើមឈើប្រេងខ្យល់ K7។

ក្រុមហ៊ុនមានដើមប្រេងខ្យល់ សម្រាប់ផ្គត់ផ្គង់រោងចក្រកែច្នៃនេះ បានមកពីចម្ការឈើដាំ (ផលិតកម្មតាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋ និងអង្គភាពនៃកងយោធពលខេមរភូមិន្ទ) ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តឧត្តរមានជ័យ។

ក្រុមហ៊ុនទទួលបានគោលការណ៍អនុញ្ញាតឲ្យនាំចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវផលិតផលឈើចិញ្រ្ចាំ ឬកម្ទេចឈើកែច្នៃពីឈើដើមប្រេងខ្យល់ចំនួន ៥០,០០០ តោន ឆ្នាំ ២០២០-២០២១ ហើយក្រុមហ៊ុនកំពុងបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណនាំចេញ ផលិតផលឈើចិញ្រ្ចាំ ឬកម្ទេចឈើកែច្នៃពីឈើដើមប្រេងខ្យល់ចំនួន ៤,០០០តោន ទៅកាន់ប្រទេសថៃ តាមច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងផងដែរ៕