(កំពង់ធំ)៖ នគរបាលស្រុកសណ្ដាន់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនស្ត្រីម្នាក់ តាមបណ្តឹងរបស់ជនរងគ្រោះ ករណីរកស៊ីបន្លំភ្នែកជញ្ជីងដោយយកកៅស៊ូស្បែកជើង មកកលនៅម៉ាស័រនៅក្នុងជញ្ជីង ដើម្បីគេងចំណេញក្នុងការទិញលក់ទំនិញជួញដូរ ដើម្បីបំបាត់ភ្នែកជញ្ជីងក្នុង១០០គីឡូក្រាមបាត់ ២០គីឡូ មកកាន់សលាដំបូងខេត្តចាត់ការតាមច្បាប់។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងមាន ឈ្មោះ យន បុប្ផា ភេទស្រី ដែលជាអ្នកទិញកៅស៊ូ ស្ថិតនៅតំបន់អូស្រែស្តៅ ភូមិលែងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ចំណែកម្ចាស់បណ្តឹងមានឈ្មោះ ស្រួយ ម៉េងគង់។

បើតាមការៀបរាប់របស់ម្ចាស់ចំការកៅស៊ូ បានឱ្យដឹងថា គាត់បានទុកចិត្តអ្នកទិញ ហើយមិនដែលខ្វល់ ចំពោះការថឹ្លឹងកៅស៊ូនោះទេ ដោយសារតែទុកចិត្ត និងរកស៊ីជាមួយគ្នាជាងមួយឆ្នាំមកហើយ តែក្រោយមកដោយមានការសង្ស័យថា ដោយសារបាត់កៅស៊ូម្តង ៧០០គីឡូក្រាម ក្នុងមួយរថយន្ត ទើបលោកសុំពិនិត្យជញ្ជីង ដោយដោះមើលផ្នែកខាងក្នុង ទើបបានឃើញកៅស៊ូស្បែកជើងផ្ទាត់ កល់ម៉ាស័រនៅខាងក្នុង ដោយកំណត់ត្រឹមតែ ៨០គីឡូក្រាម ក្រោយមកបានប្តឹងទៅអធិការនគបាលស្រុកសណ្តាន់ ដើម្បីឃាត់ខ្លួនសួរនាំ៕