(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ព្រុំ ឆោមសាយឿន និងក្រុមញាតិគ្រួសារ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសាររំលែកមរណទុក្ខ និងបានចាត់តំណាងអញ្ជើញចូលរួមក្នុងពិធីបុណ្យសពលោក សាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ត្រូវជាស្វាមី ឪពុក និងជីតា ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០០៖៣០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតថ្លែងអំណរគុណ លោកស្រីវេជ្ជបណ្ឌិត ព្រុំ ឆោមសាយឿន និងក្រុមញាតិគ្រួសារបានសម្តែងនូវអំណរគុណប្រកបដោយកត្តញ្ញូតាធម៌ជូនចំពោះកាយវិការពោរពេញដោយទឹកចិត្តស្រលាញ់រាប់ អានដ៏ស្មោះរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមជាថ្នាក់ដឹកនាំ ប្រកបដោយព្រហ្មវិហារធម៌ចំពោះគ្រួសារសព និងចាត់ទុកសមានចិត្តសន្តោសប្រណីនេះ ជាការលើកទឹកចិត្តដ៏ថ្លៃថ្លាបំផុតចំពោះលោកស្រី និងក្រុមញាតិគ្រួសារឱ្យរួមសាមគ្គីគ្នារក្សាកិត្តិយសសេចក្តីថ្លៃថ្នូរ របស់ក្រុមគ្រួសារ ដើម្បីរួមចំណែកបំពេញការងារបំរើប្រទេសជាតិបន្តទៅទៀត៕