(ភ្នំពេញ)៖ សម្ព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ដែលជាភាគីតំណាងឱ្យថៅកែរោងចក្រ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ បានស្នើឲ្យរដ្ឋសភា កែប្រែលក្ខខណ្ឌ ៧ចំណុច នៃសេចក្ដីព្រាងច្បាប់ស្តីពីសហជីព ដើម្បីគ្រប់គ្រងផលប៉ះពាល់លើទំនាក់ទំនងវិជ្ជាជីវៈ ជាពិសេសកូដកម្មមិនស្របច្បាប់។
ការស្នើឱ្យកែប្រែសេចក្តីព្រាងច្បាប់សហជីពនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ពួកគេជាមួយនឹងគណៈកម្មការចំពោះកិច្ច ដើម្បីត្រួតពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សហជីព នៅរដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ។
ក្នុងការពិភាក្សានោះ ភាគីខាងថៅកែងរោងចក្រ ដឹកនាំលោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរ ចំណែកឯ គណៈកម្មការត្រួតពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់សហជីពដឹកនាំដោយ លោក ប៉ែន បញ្ញា តំណាងរាស្រ្ដមកពីគណបក្សប្រជាជនកម្ពុជា។
លក្ខខណ្ឌទាំង៧ចំណុចនោះ រួមមានៈ មាត្រាទី១០ , មាត្រាទី១៣, មាត្រាទី១៧, មាត្រា ទី១៩, មាត្រា ទី២០, មាត្រា៥៤ និងមាត្រា៧៧ ជាដើ។
លោក វ៉ាន់ សូអៀង បានផ្ដោតសំខាន់ទៅលើ មាត្រាទី១៩ គឺការលុបបញ្ជិកា ដែលលោកបានស្នើថា មាត្រានេះបានចែងថា មានតែតុលាការការងារប៉ុណ្ណោះ ដែលមានសិទ្ធិលុប បញ្ជិកាសហជីព។ យោងតាមការអនុវត្ដជាក់ស្ដែង ដំណើរការនៃនីតិវិធីរបស់តុលាការត្រូវចំណាយពេលវេលាយូរពេក ដែលជាហេតុនាំឲ្យសហជីព ដែលមិនបានគោរពច្បាប់នោះនៅបន្ដសុពលភាពរបស់ខ្លួន និងបង្កភាពនានានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
លោកថ្លែងបន្ដថា «ដូច្នេះភាគីនិយោជកស្នើសុំដាក់ខ្លឹមសារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏មានអំណាច ក្នុងការសម្រេចព្យួរបញ្ជិការបស់សហជីពដែរ មិនមែនមានតែតុលាការដែលមានសិទ្ធិនោះទេ»។ លោកបន្ថែមថា ចំពោះចំណុចសំខាន់ បន្ទាប់ពីនោះគឺ ត្រង់មាត្រា១០ ភាគីនយោជកស្នើសុំឲ្យមានការកែប្រែនូវការកម្រិតចំនួន កម្មករនិយោជិតក្នុងការចូលរួមបង្កើតសហជីព ដែលត្រូវបង្កើតឡើងដោយកម្មករនិយោជិតយ៉ាងតិច ២០ភាគរយ នៃចំនួនកម្មករនិយោជិតសរុបនិងមាត្រា១៣ លក្ខន្តិកៈរបស់ ឬសមាគម និយោជកណាដែលស្នើសុំចុះបញ្ជី ត្រូវបង្កើតចំនួនកូរ៉ុមប្រជុំចំនួនភាគច្រើនដាច់ខាត ហើយលក្ខខណ្ឌតម្រូវឲ្យមានការបោះឆ្នោតជាសំងាត់ ដោយសំឡេងយ៉ាង ៥០ភាគរយបូក១។
សូមបញ្ជាក់ថា ការស្នើសុំរបស់ក្រុមនិយោជកនៅថ្ងៃនេះ មិនទាន់មានលទ្ធផលនៅឡើយទេ ហើយនឹងបន្ដនៅថ្ងៃស្អែកទៀត ជាមួយនឹងគណៈកម្មាការចំពោះកិច្ចរបស់គណបក្សសង្រ្គោះជាតិ រួមទាំងខាងសហជីពផងដែរ៕