(ភ្នំពេញ)៖ លោក ទេព នីថា ដែលទើបនឹងត្រូវបានថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជ្រើសតាំងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សម្រាប់អាណត្តិថ្មី បានបើកចិត្តយ៉ាងទូលាយ មិនទោមនស្សជាមួយអ្នកជេរ និងរិះគន់លោកឡើយ ហើយបានប្តេជ្ញាប្រឹងប្រែងធ្វើការងាររបស់ខ្លួនឲ្យបានកាន់តែល្អ ដើម្បីឆ្លើយតបជាមួយអ្នករិះគន់ និង អ្នកជេររូបលោក។
លោក ទេព នីថា បានគ្រប់គ្រងតំណែងអគ្គលេខាធិការ គ.ជ.ប ចំនួនពីរអាណត្តិមកហើយ ហើយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ លោក ក៏ត្រូវបានថ្នាក់ដឹកនាំ គ.ជ.ប សម្រេចជ្រើសរើស ឲ្យកាន់តំណែងនេះសម្រាប់អាណត្តិថ្មីបន្តទៀត ដើម្បីជួយរៀបចំការងារបោះឆ្នោត ឲ្យសម្រេចបានទៅតាមកាលកំណត់។
បើទោះបីមានការការបញ្ជាក់របស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ថា លោក ទេព នីថា មានសិទ្ធិត្រឹមជាអនុវត្តការងារនៅក្នុង ស្ថាប័នបោះឆ្នោត មិនមានសិទ្ធិសម្រេចលើការងារផ្សេងៗយ៉ាងណាក្តី តែការដាក់លោក ទេព នីថា មកកាន់តំណែងអគ្គលេខាធិការ គ.ជ.ប ជាថ្មីនេះ បានធ្វើឲ្យមានប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងពីគណបក្សនយោបាយ មន្រ្តីអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋជាម្ចាស់ឆ្នោតផងដែរ។
ក្រុមអ្នករិះគន់ បានលើកឡើងថា ការជ្រើសរើសលោក ទេព នីថា មកបម្រើការងារបោះឆ្នោតជាថ្មី នឹងនាំឲ្យមានរូបភាព មិនល្អនៅស្ថាប័នបោះឆ្នោត។
ឆ្លើយតបការរិះគន់ ដែលមានអ្នកខ្លះរិះគន់ជាមួយពាក្យពេចន៍អសុរោះផងនោះ លោក ទេព នីថា បានអះអាងថា គ្រប់ការងារទាំង មិនអាចធ្វើឲ្យគាប់ចិត្ត មនុស្សគ្រប់រូបនោះឡើយ តែរូបលោកនឹងខិតខំបំពេញការងារឲ្យបានកាន់តែល្អ ដើម្បីបង្ហាញអ្នករិះគន់។
លោក បានថ្លែងយ៉ាងដូច្នេះ «ជាធម្មតាយើងមិនអាចធ្វើការងារអ្វីមួយ ត្រូវបានគេស្រឡាញ់ គេពេញចិត្តទាំងអស់នោះទេ វាតែងមានអ្នកមិនពេញចិត្ត។ ហើយក៏មិនដែលមានការងារណា ដែលល្អ ១០០ភាគរយទេ ទោះជាយ៉ាងណាយើងមានសតិសម្បញ្ញៈ យើងមានការយល់ដឹងរបស់យើង ផ្ទាល់ខ្លួនយើង ហើយដែលយើងបានមើលឃើញត្រឹមត្រូវកម្រិតណា មិនត្រូវកម្រិតណា។ ចឹងទេបានខ្ញុំដាក់ពាក្យធ្វើអគ្គលេខាធិការ គ.ជ.ប មកពីខ្ញុំយល់ថា ខ្ញុំបានធ្វើអ្វីៗ ដែលមានផលប្រយោជន៍ល្អច្រើន សម្រាប់ប្រទេសជាតិ ក្នុងតួនាទីជាអ្នកអនុវត្តការរៀបចំការបោះឆ្នោត»។
លោកបន្តបញ្ជាក់ថា «ដើម្បីឆ្លើយតបបញ្ហានេះ យើងត្រូវរក្សាខ្លួនយើងឲ្យបានល្អ ធ្វើឲ្យល្អ ឲ្យបានច្រើន ដើម្បីបកស្រាយទៅដល់អ្នកដែលជេរយើង រិះគន់យើងហ្នឹង នឹងឃើញនូវចំណុចល្អរបស់យើងខ្លះ ដើម្បីបន្សាបមកវិញ ឬបន្ថយមកវិញ»។
លោក ទេព នីថា បានប្តេជ្ញាចិត្តថា នឹងខិតខំរួមការងារជាមួយថ្នាក់ដឹកនាំ និង មន្រ្តីស្ថាប័ន គ.ជ.ប ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត ធ្វើឲ្យស្ថាប័នបោះឆ្នោតកាន់តែល្អប្រសើរ ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា អាចទទួលយកបានពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង៕
សូមទស្សនាកិច្ចសម្ភាសន៍ជាមួយលោក ទេព នីថា (ផ្សាយម៉ោង ១៦៖០០នាទី)៖