(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តតាមវិធានការ៤ចំណុច ដើម្បីចៀសវាងពីការពុលស្រាស ឬស្រាថ្នាំ បន្ទាប់ពីមានករណីពុលស្រាចិនសែមួយ នៅខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមានមនុស្សស្លាប់៧នាក់ និងរងគ្រោះ៤៤នាក់។

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឱ្យដឹងថា ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋ ចៀសផុតពីការពុលស្រាស ឬស្រាថ្នាំ ដែលផលិតមិនត្រឹមត្រូវនេះ ក្រសួងសូមអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម ៖

១៖ មិនត្រូវទិញ និងបរិភោគស្រាស ឬស្រាថ្នាំ ដែលផលិត ឬ បិត ដោយមិនមានប្រភពច្បាស់លាស់ មិនមានលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ជាដាច់ខាត ជាពិសេសស្រាដែលយកមេតាណុលមកហើយ ត្រូវហាមឃាត់ដាច់ខាត

២៖ ត្រូវបញ្ឈប់ជាដាច់ខាត នូវការលក់ដូរស្រាស ឬស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំ ដោយមិនត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស។

៣៖ បើមានបញ្ហាសុខភាពដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ជាដើម សូមស្វែងរកការពិគ្រោះពិនិត្យ និងព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ឬទៅមន្ទីពេទ្យដែលនៅជិតលោកអ្នកជាទីបំផុត។

៤៖ ចៀសវាងការពុលចំណីអាហារ ដោយអនុវត្តអនាម័យល្អ រស់នៅស្អាត ជាពិសេសអនុវត្តន៍គោលការណ៍ អនាម័យចំណីអាហារស្អាត ដោយ៖

* ឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ នៅមុនពេល និងក្រោយពេលចម្អិនម្ហូបអាហារ និងក្រោយពេលបន្ទោរបង់ សម្លាតបន្លែ ផ្លែឈើ ត្រីសាច់ និងសម្ភារៈប្រើប្រាស់ ឱ្យបានស្អាតត្រឹមត្រូវ

* បរិភោគទឹកស្អាត ឬទឹកដាំពុះល្អ ពិសាអាហារដែលឆ្អិនល្អត្រឹមត្រូវ និងកុំពិសាសាច់សត្វស្លាប់ ឬសាច់ឆៅចិនមិនល្អ

* ទុកដាក់ម្ហូបអាហារនៅដាច់ដោយឡែកពីគ្នាកុំឱ្យច្របូកច្របល់ និងកុំរក្សាម្ហូបទុកយូរពេកនាំឱ្យជួប ឬអាចមានមេរោគ។រក្សាទុកម្ហូប ត្រូវរក្សាទុកក្នុងសីតុណ្ហភាព ត្រជាក់នៅក្រោម ០៥អង្សាសេ និងជឺក្តៅ ត្រូវលើសពី ៦០អង្សាសេ

* ចៀសវាងការពិសារប្រែពក ផ្អែមពេក និងខ្លាញ់ពេក ដើម្បីសុខភាពផ្ទាល់ខ្លួន

* មិនត្រូវបង្ហូរ ឬចោលកាកសំណល់ ឬសារធាតុគីមី ចូលក្នុងបឹង ទន្លេ ឬព្រែក ដែលជាប្រភពទឹកសម្រាប់ប្រជាជនប្រើ ប្រាស់ ដែល ប្បពុលនោះឡើយ។

* បើមានបញ្ហាសុខភាព ឬហេតុការណ៍ណ៏អ្វីមួយដែលសង្ស័យ ត្រូវស្វែងរកការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបា លសាធារណៈ ដែលមានគ្រូពេទ្យបណ្ដុះបណ្ដាលត្រឹមត្រូវ ឬរាយការណ៍មករអាជ្ញាធរមូលដ្ឋាន ឬមន្ទីរសុខាភិបាលខេត្ត ដែលខ្លួនរស់នៅ ឬមកក្រសួងសុខាភិបាលតាមលេខទូរសព្ទខាងក្រោម ដើម្បីចាត់វិធានការជួយបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានហេតុការណ៍ណ៍ពុលស្រាថ្នាំចិនសែតាំងគួយ បានកើតឡើងនៅក្នុងភូមិចំនួន ០៩ភូមិ នៅក្នុងក្រុងប៉ោយប៉ែត និងស្រុក ម៉ាល័យនៃខេត្តបន្ទាយមានជ័យ ដែលមានអ្នកពុលស្រាថ្នាំនេះ សរុបចំនួន ៤៤នាក់ ក្នុងនោះ មានស្ត្រីចំនួន ០៣នាក់ និងស្លាប់បុរស ចំនួន ០៧នាក់)។

បើតាមក្រសួងសុខាភិបាល លទ្ធផលវិភាគសំណាកស្រានេះ មានដូចខាងក្រោមនេះ៖ សំណាកដែលបានយកនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានកម្រិតបតាណុល ១៣,៥% សំណាកដែលបានយកនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានកម្រិតមេតាណុល ១៨,៩% និង សំណាកដែលបានយកនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ មានកម្រិតមេតាណុលរហូតដល់ ១៥,១%។

ពាក់ព័ន្ធនឹងករណីនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញនូវគោលការណ៍ណែនាំ ជូនដល់អភិបាលរាជធានី-ខេត្តទាំងអស់ឱ្យធ្វើការណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងអនុវត្ត និងបានផ្សព្វផ្សាយរួចហើយដែរ៕