(បាត់ដំបង)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ បានណែនាំឲ្យមន្ទីរកសិកម្ម ខិតខំជួយជំរុញបន្ថែមទៀត សម្រាប់គ្រួសារដែលគ្មានមុខរបរ ដើម្បីជួយពួកគាត់ឲ្យមានអាជីព មានចំណូលក្នុងគ្រួសារ ឈប់ធ្វើចំណាកស្រុក និងកាត់បន្ថយភាពក្រីក្រ។

ការណែនាំយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ត្រី និងសហការី ចុះពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះ កូនស្វាយលក់ ស្ថិតនៅក្នុងភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលទទួលបានការគាំទ្រដោយគម្រោងកម្មវិធីស្តីពី «ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE»។

លោក ប្រាក់ ហ៊ាប ម្ចាស់ផ្ទះ បានជម្រាបជូនលោករដ្ឋមន្រ្តី វេង សាខុន ថា លោកពូបានចាប់យករបរនេះ ជាអាជីពស្នូលតាំងពីឆ្នាំ២០១៧ រហូតមកទល់បច្ចុប្បន្ន ដោយទទួលបានការគាំទ្រ ពីកម្មវិធី ASPIRE ចាប់ផ្តើមពីមេ-បា ៣០ក្បាល ទូភ្ញាស់ និងបច្ចេកទេស។ បច្ចុប្បន្នកើនដល់១៦០ក្បាល (មេ-បា)។
អាចផ្គត់ផ្គង់កូនមាន់ ជូនអតិថិជនបាន៤៥០ក្បាលក្នុងមួយខែ កូនតម្លៃ១ក្បាល ៥០០០រៀល។

ក្រៅលក់កូន គាត់អាចលក់មាន់សាច់បាន៧០គីឡូក្រាម ក្នុងមួយខែ បានតម្លៃ១៨,០០០រៀល ក្នុងមួយគីឡូក្រាម។ ជាមធ្យម គាត់អាចរកប្រាក់ចំណូល ពីការលក់មាន់សាច់ និងកូនមាន់បាន៣០លានរៀលក្នុងមួយឆ្នាំ (កាត់ថ្លៃដើមរួច) បូកចំណូលបន្ថែម ពីការលក់កូនស្វាយបាន ១០លានរៀលក្នុងមួយឆ្នាំ (១០,០០០ដើម ក្នុងមួយឆ្នាំ) បន្ថែមទៀត។

លោករដ្ឋមន្ត្រី វេង សាខុន បានសរសើរ និងគាំទ្រលោកពូ ប្រាក់ ហ៊ាប និងសមាជិកគ្រួសារ ដែលបានប្រកាន់យករបរចិញ្ចឹមមាន់ស្រែ ទទួលផលយ៉ាងល្អប្រសើរ គួរជាទីមោទន និងជាគំរូល្អក្នុងភូមិ ព្រោះផលប្រយោជន៍ដែលលោកពូ ទទួលបានគឺជួបជុំគ្រួសារ កូនបានចូលរៀនមហាវិទ្យាល័យ មិនធ្វើចំណាកស្រុក ការងារស្រាល កូនមាន់ មាន់សាច់មានទីផ្សារល្អ និងទទួលបានប្រាក់ចំណូលខ្ពស់។

លោករដ្ឋមន្រ្តី វេង សាខុន ក៏បានលើកទឹកចិត្តឲ្យលោកពូ ប្រាក់ ហ៊ាប ពង្រីករបរនេះ បន្ថែមទៀត ដើម្បីឆក់យកកាលានុវត្តភាព ក្នុងឱកាសដែលប្រទេស កំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ស្របតាមប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

នៅក្នុងថ្ងៃដដែលនោះ លោករដ្ឋមន្ត្រី វេង សាខុន និងលោក អ៊ុយ សុទ្ធាវី អភិបាលរងខេត្ត អមដោយសហការី និងប្រធានមន្ទីរខេត្ត ក៏បានអញ្ជើញមកពិនិត្យ ការងារបង្កបង្កើនផលស្រូវ និងជួបក្រុមកសិករ នៅវាលចែងម៉ែង ភូមិបឹងព្រីង និងភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សីផងដែរ។

ជារួមកសិករបានសម្រេចបង្កបង្កើនផលស្រូវដើមរដូវ បានចំនួនប្រមាណ៨០% លើផ្ទៃដីចំនួន១,២២១ ហិកតា ដោយប្រើពូជស្រូវសែនក្រអូប និងស្រូវស្រង៉ែ។ មកទល់ពេលនេះ គឺស្រូវលូតលាស់បានល្អប្រសើរ ប៉ុន្តែស្ថានភាពទឹកក្នុងប្រឡាយមានការខ្វះខាត សម្រាប់បូមដាក់ស្រែ។

ពីស្រុកមោងឫស្សី លោករដ្ឋមន្ត្រី វេង សាខុន លោកអភិបាលរងខេត្ត និងសហការី បានអញ្ជើញបន្ត ដំណើរមកស្រុកបាណន់ ដើម្បីពិនិត្យទំនប់ទឹកទ្វារកង្ហត ដែលជាប្រភពទឹកហូរ ចុះស្រោចលើដីស្រែក្នុងឃុំព្រៃតូច។

នៅតំបន់ខាងលើ គឺឃុំកន្ទឺ១ មានផ្ទៃដីបង្កបង្កើនផលដំណាំស្រូវចំនួន ៦,៨៤៨ហិកតា គិតមកទល់បច្ចុប្បន្ន សម្រេចបានជាង ៩០% ហើយជាទូទៅប្រើពូជស្រូវ សែនក្រអូប ផ្ការំដួល ស្រង៉ែ ផ្កាម្លិះ និងស្រូវផ្ការំដេង។

ដំណាំស្រូវ មានការលូតលាស់ល្អប្រសើរ ប៉ុន្តែនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានភាពទឹកភ្លៀងមិនមានគ្រប់គ្រាន់ធ្វើឱ្យប្រឡាយមេខ្វះទឹកសម្រាប់កសិករបូម ដាក់ស្រែ។

ភាគច្រើនប្រជាកសិករសំណូមពរ ឲ្យលោករដ្ឋមន្ត្រី វេង សាខុន និងលោកអភិបាលរងខេត្ត ជួយដោះស្រាយទឹក ឲ្យមាននៅក្នុងប្រឡាយ ដើម្បីបូមលបញ្ចូលស្រែ ហើយប្រសិនបើប៉ុន្មានថ្ងៃខាងមុខគ្មានភ្លៀងទេ ផ្ទៃដីស្រែជាច្រើនហិកតា អាចនឹងប្រឈមបញ្ហាខ្វះទឹក។

ក្នុងនាមលោករដ្ឋមន្រ្តី វេង សាខុន លោកបានណែនាំឲ្យប្រធានមន្ទីរ សហការជាមួយមន្ទីរធនធានទឹក និងឧត្តុនិយម និងអាជ្ញាធរស្រុក តាមដានបញ្ហានេះ ឲ្យបានដិតដល់ និងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ចុះជួយអន្តរាគមន៍ ដល់ប្រជាកសិករឲ្យបានទាន់ពេល៕