(ភ្នំពេញ)៖ សិក្ខាកាមជាង២៥០នាក់ដែលជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យុ និងជាតំណាងក្រសួងការបរទេស និងក្រសួងអប់រំ យុវជន និងកីឡា តំណាងគ្រឹះស្ថានរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន បានចូលរួមក្នុងសិក្ខាសាលាតាមអនឡាញចំនួនពីរដែលបានរៀបចំឡើងជាបន្តបន្ទាប់នាថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២០។

សិក្ខាសាលានេះផ្តោតលើប្រធានបទចំនួនពីរ គឺវិធីសាស្ត្រដើម្បីទទួលបានការផ្តល់ជូនពិសេសសម្រាប់ការអប់រំពី Google និង Microsoft និងវិធីសាស្ត្របញ្ចូលការបង្រៀនជួបមុខផ្ទាល់ ក្នុងកម្មវិធីបង្រៀនពីចម្ងាយជាបន្តបន្ទាប់។

សិក្ខាសាលានេះរៀបចំឡើងតបតាមផែនការពិសេសរបស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រឆាំងការរាតត្បាតនៃមេរោគកូវីត១៩។ ម្យ៉ាងទៀត គ្រឹះស្ថានជាច្រើនកំពុងស្វះស្វែង រកវិធីសាស្ត្របង្រៀនតាមអនឡាញ និងការគ្រប់គ្រងការបង្រៀននិងរៀន ក៏ដូចជាការវាយតម្លៃគុណភាពអប់រំប្រកបដោយប្រសិទ្ធិភាព។ ស្ថិតក្នុងន័យនេះ ការិយាល័យ AUF ប្រចាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានស្វែងរកអ្នកជំនាញសំខាន់ៗ ក្នុងតំបន់និងមកពីបណ្តាប្រទេសនានា ដើម្បីជួយជ្រោមជ្រែងដល់គ្រឹះស្ថានជាសមាជិក ក៏ដូចជាស្ថាប័នជាច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

វាគ្មិនដឹកនាំសិក្ខាសាលាទាំងពីរនេះ លោក Vo Viet Minh Nhat និង Ngo Ba Hung ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យវេនិងសាកលវិទ្យាលកន្ថឺនៃប្រទេសវៀតណាម និងជាអ្នកជំនាញលើ ការបង្រៀនពីចម្ងាយបានបង្ហាញនូវវិធីសាស្ត្រនិងបទពិសោធន៍ដែលបានប្រើប្រាស់នៅក្នុងគ្រឹះស្ថានមួយចំនួននៅប្រទេសវៀតណាម ព្រមទាំងបានបង្ហាញនូវការចុះឈ្មោះងាយៗ ឲ្យបានច្រើនក្នុងទិន្នន័យដូចជានៅលើ Google Suite ដោយតម្រូវអោយស្ថាប័នមានឯកសារបញ្ជាក់ថាជាគ្រឹះស្ថានមិនយកប្រាក់កម្រៃ។

សិក្ខាសាលាស្តីអំពីវិធីសាស្ត្រទទួលបានការផ្តល់ជូនពិសេសសម្រាប់ការអប់រំរបស់ Google និង Microsoft បានបង្ហាញនូវបង្ហាញអំពីបច្ចេកវិទ្យាឌីជីថលដល់គ្រឹះស្ថាន ឧត្តមសិក្សាក្នុងការរៀបចំកម្មវិធីបង្រៀននិងបង្រៀនពីចម្ងាយ ជាមួយនឹងជំរើសនៃបច្ចេកវិទ្យាដែលមានស្រាប់និងឥតគិតថ្លៃសម្រាប់គ្រឹះស្ថានរដ្ឋដែលមិនយកប្រាក់កម្រៃ។

ដោយឡែក វិធីសាស្ត្របញ្ចូលការបង្រៀនជួមមុខផ្ទាល់ក្នុងកម្មវិធីបង្រៀនពីចម្ងាយជាបន្តបន្ទាប់ ក៏បានបង្ហាញនូវកំរិតនិងលក្ខ័ណ្ឌតាមកំរិតខុសៗគ្នា និងដំណាក់កាលនីមួយៗ ដើម្បីផ្តល់ជំរើសដល់ គ្រឹះស្ថានឧត្តមសិក្សាធ្វើការជ្រើសរើសតាមធនធានមនុស្សនិងធនធានហិរញ្ញវត្ថុ ស្ថានភាពជាក់ស្តែងក្នុងការបញ្ចូលការបង្រៀនផ្ទាល់ក្នុងកម្មវិធីបង្រៀនពីចម្ងាយ។

ក្រោយការធ្វើបទអន្តរាគមន៍របស់វាគ្មិន តំណាងគ្រឹះស្ថានបានចោទសំណួរជាច្រើនលើបញ្ហាគ្រប់គ្រងការបង្រៀននិងការរៀន ជាពិសេសការគ្រប់គ្រងការប្រឡងពីចម្ងាយប្រកបដោយគុណភាព។ អ្នកជំនាញបានពន្យល់យ៉ាងក្បោះក្បាយនិងបង្ហាញនូវវិធីសាស្ត្រគរុកោសល្យ និងប្រព័ន្ធឌីជីថលដែលគេប្រើជាទូទៅនិងឥតគិតថ្លៃ ដូចជាកម្មវិធី Moodle ជាដើម។

ដោយឡែក ចំពោះការប្រឡងបញ្ចប់ដែលមានប្រសិទ្ធិភាពសំរាប់ការសិក្សាពីចម្ងាយ នៅតែត្រូវការប្រឡងតាមប្រព័ន្ធឌីជីថលនៅក្នុងបន្ទប់ និងទីកន្លែងដែលគ្រឹះស្ថានជាដៃគូរ បានរៀបចំទុកដោយមានសាស្ត្រាចារ្យនិងអ្នកត្រួតពិនិត្យ និងមិនអាចអោយសិស្ស-និស្សិតប្រឡងនៅតាមគេហដ្ឋានបានឡើយ៕