(បន្ទាយមានជ័យ)៖ អាជ្ញាធរសង្កាត់កោះពងសត្វ ផ្អាកការធ្វើដំណើរបណ្តោះអាសន្ន លើស្ពានចាស់ (ផ្លូវចូលភូមិព្រះអង្គ) ត្រង់ចំណុចភូមិព្រះអង្គ ទៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រោះស្ពាននេះមានសភាពចាស់ទ្រុឌទ្រោម មិនអាចធ្វើដំណើរបានខ្លាចក្រែងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

លោក រ៉ា ប៊ុនធា ចៅសង្កាត់កោះពងសត្វ បានឲ្យដឹងថា ស្ពាននេះមានអាយុកាលយូរឆ្នាំមកហើយ ដោយពីមុនមក គឺដាក់ដើមត្នោតឆ្លង តែក្រោយមកនៅឆ្នាំ២០០៣ ចាប់ផ្តើមចាក់បេតុង។ តែមកដល់ពេលនេះ មានសភាពស្ពានមានភាពប្រេះស្រាំ ចេញសរសៃដែក ទើបអាជ្ញាធរសង្កាត់ រាយការណ៍ទៅក្រុងដើម្បីធ្វើការដាក់បំរាម ផ្អាកការធ្វើដំណើរបណ្តោះអាសន្នសិន រង់ចាំការស្ថាបនាផ្លូវបេតុង និងធ្វើការសាង់សងស្ពានថ្មី។

ទន្ទឹមនឹងនោះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវលើស្ពាននេះ សូមផ្អាកការធ្វើដំណើរលើស្ពាននេះសិន ដើម្បីកុំឲ្យកើតមាននូវគ្រោះថ្នាក់។ មួយវិញទៀត អាជ្ញាធរមូលដ្ឋាន បានធ្វើផ្លូវវាងខាងជើងស្ពាន ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបណ្តោះអាសន្ន រង់ចាំគម្រោងស្ថាបនាផ្លូវបេតុង និងស្ពានរួចរាល់។

ក្នុងពេលចុះពិនិត្យមើលស្ថានភាពស្ពានជាក់ស្តែង លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានណែនាំដល់អាជ្ញាធរត្រូវដាកបំរាម ផ្អាកការធ្វើចរាចរណ៍នេះផងដែរ ពិសេសយានយន្តគ្រប់ប្រភេទ ពោលត្រូវធ្វើដំណើរតាមផ្លូវវាង ដែលអាជ្ញាធរបានកំណត់៕