(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតមរណទុក្ខជូនជូនគ្រួសារសព លោក ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៦៧ឆ្នាំ។

សារលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរៀបរាប់ថា «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងមន្រ្តីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ មានសេចក្តីក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ខាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា «ការបាត់បង់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ខាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល គឺជាការបាត់បង់មេគ្រួសារ បិតា ជីតា ជាទីគោរពប្រកកដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ របស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ខាន់ ស៊ីវ៉ាន់ថា បានទៅសោយក្នុងសុគតិភពជានិរន្តិ៍រៀងទៅ៕