(ញូដេលី)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃសៅរ៍នេះ ឥណ្ឌាបានបំបែកកំណត់ត្រាសាជាថ្មីម្តងទៀតហើយ ដោយមានអ្នកឆ្លងថ្មីៗរហូតដល់ ១១,៤៥៨នាក់ និងអ្នកស្លាប់ថ្មីចំនួន ៣៨៦នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។
តួលេខខាងលើនេះ គឺខ្ពស់បំផុតពុំធ្លាប់មាននោះឡើយ សម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ ចំណែកឯតួលេខករណីអ្នកស្លាប់ថ្មីៗវិញ គឺមានចំនួនទាបជាង ចំនួនដែលបានរាយការណ៍កាលពីថ្ងៃម្សិលមិញនេះ បន្តិចបន្តួចប៉ុណ្ណោះ។
បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ៣០៨,៩៩៣ករណី ក្នុងនោះអ្នកជំងឺ ៨,៨៨៤នាក់បានស្លាប់ និង ១៥៤,៣៣០នាក់ទៀតបានជាសះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១៤៥,៧៧៩នាក់។
គួរបញ្ជាក់ថា នៅចំពោះមុខវិបត្តិសកលមួយនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការ បិទទ្វារប្រទេសតាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ហើយការបន្តបិទនៅតំណាក់កាលទី ៥ ទើបតែត្រូវបានប្រកាសកាលពីថ្ងៃទី០១ ខែមិថុនា។ ទោះជាបែបនេះក្តី ស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕