(ភ្នំពេញ)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំនៅខេត្តអ៉ីនតារីយូ ប្រទេសកាណាដា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតអបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។

ក្នុងសារលិខិតអបអរសាទរ បានឱ្យដឹងថា «យើងខ្ញុំទាំងអស់គ្នា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ដោយស្មោះស្ម័គ្រអស់ពីដួងចិត្ត ដែលការតែងតាំង និងដំឡើងឋានៈនេះ ពិតជាបានឆ្លុះបញ្ចាំងនូវមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារយុវជនគ្រប់មជ្ឈដ្ឋាន ជាពិសេសផ្តល់ការហ្វឹកហ្វឺន បណ្ដុះបណ្ដាលកម្លាំងប្រាជ្ញាស្មារតី ពង្រឹងគោលជំហរស្នេហាជាតិ និងផ្ដល់ឱកាសដល់យុវជន បានចូលរួមគ្រប់សកម្មភាពនយោបាយរបស់គណបក្ស គ្រប់កាលៈទេសៈ ក្នុងគោលដៅលើកស្ទួយយុវជនជាទំពាំងស្នងឫស្សីបន្តវេន ដើម្បីដឹកនាំជោគវាសនារបស់ ប្រទេសជាតិនាពេលអនាគត»

ជាថ្មីម្ដងទៀត ក្នុងនាមក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំនៅខេត្តអ៉ីនតារីយូ ប្រទេសកាណាដា សូមចួលរួមអបអរសាទរ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនេះពិតជាបានឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងតស៊ូព្យាយាម អំណត់អត់ធន់គ្រប់ស្ថានការណ៍ទាំងអស់។

ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំនៅខេត្តអ៉ីនតារីយូ ប្រទេសកាណាដា បានបញ្ជាក់ថា «ឯកឧត្តមបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត ជានិម្មិតរូបដ៏ល្អសម្រាប់យើងទាំងអស់គ្នាយកជាគំរូ និងរៀនសូត្រតាមគន្លងធម៌ដ៏វិសេសវិសាលនេះ។ យើងទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រ និងគោរពរាល់បទបញ្ជារបស់ ឯកឧត្តមប្រធាន គ្រប់កាលៈទេសៈដោយឥតងាករេ»