(ភ្នំពេញ)៖ អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ គណបក្សប្រជាជនកម្ពុជា លោក កែប ជុតិមា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ បាននាំយកសៀវភៅជាច្រើនក្បាល ទៅប្រគល់ជូនដល់បណ្ណាល័យចំនួន៣ រួមមាន បណ្ណាល័យជាតិ បណ្ណាល័យសម្តេចតេជោ ហ៊ុន សែន ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន នៅក្នុងវិទ្យាល័យបឹងត្របែក។
លោក កែប ជុតិមា បានថ្លែងថា គោលបំណងដែលលោកនាំសៀវភៅមកដាក់តាម បណ្ដាល័យនេះ គឺចង់បំផុសចលនាការអាន សៀវភៅ ដល់កូនខ្មែរជំនាន់ក្រោយ ឲ្យចូលចិត្តអានឡើងវិញ ដោយសារកន្លងទៅនេះ យុវជនយើង ពិសេសសិស្ស និស្សិតខ្មែរយើង ហាក់ដូចភ្លេចអានសៀវភៅ ដោយសារសម័យនេះ មានកុំព្យូទ័រ គេមើលវិបសាយ មានInternet ច្រើនរវល់មើលInternet។ សិស្សដែល ពូកែវ ទាល់តែពូកែអាន ទោះបីមានកុំព្យូទ័រក៏ដោយ។ ថ្លែងទៅកាន់លោកស្រី ខ្លូត វិបុលឡា នាយិកាបណ្ណាល័យជាតិ លោក កែប ជុតិមា បានបញ្ជាក់ថា «ទីនេះជាកន្លែងស្រាវជ្រាវ ឯកសារដ៏សំខាន់ និងជាកន្លែង ដែលក្មួយៗយុវជន និស្សិត ត្រូវមកអានសៀវភៅ និងរកឯកសារមេរៀន សម្រាប់ការសិក្សាផងដែរ» ។
លោកស្រី ខ្លូត វិបុលឡា បានឲ្យដឹងថា បណ្ណាល័យជាតិ មានមន្ត្រីបុគ្គលិកបម្រើ ការងារចំនួន២២នាក់។ បណ្ណាល័យនេះមានសៀវភៅ អានចំនួន១០ម៉ឺនក្បាល ជាភាសាខ្មែរ បារាំង និងអង់គ្លេស សម្រាប់ឲ្យអ្នកចូលមកធ្វើការស្រាវជ្រាវ និងអាននៅទីនេះ។ ដោយក្នុង១ថ្ងៃ មានអ្នកអានប្រមាណ៥០ទៅ៦០នាក់ប៉ុណ្ណោះ។ ដោយឡែក សម្រាប់បណ្ណាល័យសម្តេចតេជោ ហ៊ុន សែន នៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ លោកស្រី នាយិការ ពៅ វណ្ណី បានឲ្យដឹងថា មានចំនួនសិស្សនិស្សិតប្រមាណពី៥០០នាក់ ទៅ៦០០នាក់ ដែលចូល មកអានសៀវភៅនៅទីនេះ ។
នៅក្នុងបន្ទប់បណ្ណាល័យសម្តេចតេជោ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អ្នកតំណាងរាស្ត្រ កែប ជុតិមា បានថ្លែងទៅ សិស្ស និស្សិត ដែលបានមកអានសៀវភៅនោះថា ចូរក្មួយៗខំអានឲ្យបានច្រើន នោះក្មួយៗនឹង រៀនពូកែដូចប្រទេសជិតខាងយើង គេចូលចិត្តអានសៀវភៅ ទើបគេរៀនពូកែ នោះយើងនឹងក្លាយខ្លួនអ្នកដឹកនាំដ៏ល្អនៅថ្ងៃអនាគត។
អតីតអភិបាលរាជធានីភ្នំពេញ និងបច្ចុប្បន្នជាអ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ លោក កែប ជុតិមា បានបញ្ជាកថា សៀវភៅដែល លោកយកមកផ្តល់ជូនដល់បណ្ណាល័យទាំង៣ នាពេលនេះមានសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅភ្នំពេញ រាជធានីចតុមុខ ដែល លោកបានចងក្រង និងបោះពុម្ព ស្តីពីការអភិវឌ្ឍន៍រាជធានីភ្នំពេញ កាលលោកនៅជាអភិបាលក្រុងនោះ។ លោកនឹងចូលរួមកម្មវិធី (អំណាន) តាមការអញ្ជើញរបស់ក្រសួងអប់រំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦។ នៅថ្ងៃទី១១ ខែមីនានេះ គឺជាថ្ងៃកំណើតសម្តេចសង្ឃ ជួន ណាត ផងដែរ៕