(កណ្តាល)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ព្រមទាំងសប្បុរសជន បន្តចុះសួរសុខទុក្ខ និងនាំអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា ព្រមទាំងរបស់ប្រើប្រាស់មួយចំនួន ផ្តល់ជូនកុមារនៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ការនាំអំណោយមកប្រគល់ជូនដល់អង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» គឺជាលើកទី៥ហើយ ដែលកន្លងមកគណៈកម្មាធិការសិទ្ធិមនុស្ស បានយកកុមារម្នាក់ នៅជាមួយម្តាយជាប់ក្នុងពន្ធនាគារ ក្នុងកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការទំនាក់ទំនងជាមួយអង្គការដៃគូផ្សេងៗដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលយកកូនប្រុសអាយុ៣ឆ្នាំ របស់ស្ត្រីជាប់ឃុំ ពេជ្រ សូណែត ទៅចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ការអប់រំ និងរស់នៅក្នុងបរិយាកាសដែលប្រសើរ។
ជាលទ្ធផល ក្រោមការសម្របសម្រួលពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយគ្រប់ភាគីពាក់ព័ន្ធ កុមារាដែលជាកូនរបស់ស្ត្រីជាប់ឃុំ ត្រូវបានប្រគល់ជូនទៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការអប់រំ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។
ជាមួយគ្នានេះដែរ លោក កែវ រ៉េមី បានលើកឡើងថា ការជួយជ្រោមជ្រែង ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារផ្សេងៗ ដល់កុមារកំព្រា គឺជាការងារមួយដ៏ចាំបាច់ ដូចភ្លៀងរលឹម ដែលតម្រូវអ្នកមានធនធានចូលរួមទាំងអស់គ្នា ព្រោះកុមារកំព្រាទាំងអស់នេះត្រូវការជំនួយជាប្រចាំថ្ងៃ។
បើតាមលោក កែវ រ៉េមី បានឱ្យដឹងថា ថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សាដែលនាំយកមកចែកជូនដល់កុមារកំព្រា នៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា នាពេលនេះ គឺមានការចូលរួមរៃអង្គាសពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្ស និងថ្នាក់ដឹកនាំក្រុមការងារសហពន្ធ័កីឡាតេក្វាន់-ដូ ITF កម្ពុជា និងមិត្តភក្តិរបស់លោក ព្រមទាំងសប្បុរសជននានា ផងដែរ។
លោក កែវ រ៉េមី ក៏បានកោតសរសើរចំពោះ លោកស្រី ឈូក សីហា នាយិការប្រតិបត្តិអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ដែលបានបង្កើតជាកន្លែងដ៏កក់ក្តៅ ដើម្បីជួយដល់កុមារ ដែលជួបការនូវលំបាកគ្រប់រូបភាព តាមរយៈការផ្តល់កន្លែងស្នាក់នៅការផ្តល់អាហារ និងការសិក្សាអប់រំ។ ទាំងនេះជាគំរូដ៏វិសេសវិសាល ក្នុងការចូលរួមជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ វិស័យសិទ្ធិមនុស្សជាពិសេសសិទ្ធិកុមារ។
មេសិទ្ធិមនុស្សកម្ពុជា បានបង្ហាញពីក្តីសង្វែកនៅពេលមានពិធីបុណ្យទានម្តងៗ កុមារផ្សេងៗទៀត ពួកគេបានជួបជុំជាមួយក្រុមគ្រួសារ សាច់ញាតិ ប៉ុន្តែសម្រាប់កុមារតូចៗ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា រស់នៅខ្វះភាពកក់ក្តៅ។ ចំណុចនេះ ទើបធ្វើឱ្យលោកតែងតែនឹកឃើញដល់កុមារកំព្រា និងមកលើកទឹកចិត្ត ព្រមទាំងផ្តល់អំណោយជាសម្ភារផ្សេងៗ ដើម្បីជាចំណែកចូលរួមកាត់បន្ថយការលំបាករបស់ពួកគេ ដូច្នេះ សូមអំពាវនាវដល់អ្នកដែលមានធនធាន សូមចូលរួមចំណែកជួយឧបត្ថម្ភ ដល់កុមារកំព្រា និងអ្នកក្រខ្សត់ផងដែរ។
បន្ថែមពីនេះ តាងនាមឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ក៏បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយទាំងអស់សូមចូលរួមបរិច្ចាគសម្ភារ និងថវិកា ទៅតាមលទ្ធភាពដែលខ្លួនមាន ដើម្បីចូលរួមចំណែកផ្តល់ជូនដល់កុមារកំព្រានានា។
ជាមួយគ្នានេះដែរលោក ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្ស និងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់កុមារកំព្រានៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» នៅនាឱកាសនេះ៕