(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អតីតអនុប្រធានប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជាផ្លូវការហើយ។

ពិធីប្រកាសតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជំនួសលោក កែ ប៊ុនខៀង ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។

យោងតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាការតែងតាំងនេះ ធ្វើឡើងផ្អែកលើសមត្ថភាព និងសំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល ក៏ដូចជាមតិរបស់គណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានតួនាទីក្នុងកងយោធពលខេមរភូមិន្ទ ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោក ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។

ដោយឡែក លោក កែ ប៊ុនខៀង ដែលមានវ័យជាង៦០ឆ្នាំ ត្រូវបានសម្រួលការងារទៅកាន់តួនាទីចាស់របស់លោកជា អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា៕