(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុនសែន និងជាប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានអញ្ចើញជាអធិបតី ក្នុងពីធីប្រកាសសេចក្ដីសម្រេចស្ដីពី ការតែងតាំង និងផ្ទេរភារកិច្ចមន្រ្តីគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ដែលមានគណៈកម្មាធិការសាខាគណបក្សខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន ខ១ដល់ខ៨។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក យូ ស៊ុនឡុង និងលោក ហ៊ុយ ពិសិដ្ឋ អនុប្រធាន គណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ដែលរៀបចំឡើងនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា ការតែងតាំង និងផ្ទេរភារកិច្ចមន្រ្តីគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងការចុះជួយដោះស្រាយទុក្ខលំបាក បញ្ហាប្រឈមនានា នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ជាពិសេស នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានសំណូមពរដល់ក្រុមការងារគណបក្សខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន បន្តចុះជួយតាមមូលដ្ឋានជាប្រចាំ ដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងស្ដាប់សំណូមពរបញ្ហាប្រឈមនានាដូចជា សេវាសាធារណៈ សេវាសំណូមពរ សេវាតម្រូវការ របស់ប្រជាពលរដ្ឋដោះស្រាយ ឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា។ ត្រូវបន្តការងាររបស់ខ្លួនឱ្យបានសកម្ម ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ឆន្ទៈមុតស្រួច ធ្វើជាស្នូលនៃចលនារបស់ប្រជាជន ដើម្បីសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតជូនជាតិ និងប្រជាជន ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ឆ្នាំ ២០២៣។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានគ្រឹះរឹងមាំ មានការសាមគ្គីភាពយ៉ាងស្អិតរមួត គ្មានកម្លាំងណាអាចបំបែកបាន ព្រមទាំងបានដឹកនាំប្រទេសអស់រយៈកាលជាង៣០ឆ្នាំ បានកសាងសមិទ្ធផល និងស្នាដៃជាច្រើន សម្រាប់ប្រជាជន និងប្រទេសជាតិជាពិសេសបានផ្ដល់សេចក្ដីសុខ ជូនប្រជាពលរដ្ឋ និងសុខសន្តិភាពពិតប្រាកដទូទាំងប្រទេស។ ការកសាង និងថែរក្សាសន្តិភាពមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ការពង្រឹងសន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិ។

ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងបានប្រគល់ សេចក្ដីសម្រេចជូនប្រធានសាខាបក្សខុទ្ទកាល័យខ១ ដល់ខ៨ និងជូនបណ្ណសរសើរ ពីគណបក្សខុទ្ធកាល័យជូនលោក ហ៊ុយ ពិសិដ្ឋ, លោក សេង ទៀង និងលោក យូ ស៊ុនឡុង៕