(ក្រចេះ)៖ ដើម្បីរឹតបន្តឹងលើបញ្ហាសន្តិសុខ ព្រហ្មទណ្ឌឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត នៅថ្ងៃទី១៨ មករា បានប្រជុំដាក់បទបញ្ជាឲ្យ លោកស្នងការរងព្រហ្មទណ្ឌ ពង្រឹងកម្លាំងនគរបាលអន្តរាគមន៍ បន្តការចុះយាមល្បាត តាមគោលដៅកំណត់ និងបន្ថែមកម្លាំងការពារបន្ថែមតាមគោលដៅ ស្ថានីយ៍ប្រេង និងឃ្លាំងទំនិញនានា ដែលងាយនិងរងគ្រោះ ដោយសារក្រុមចោរប្រដាប់អាវុធ។
នៅចំពោះមុខ លោកស្នងការរង ទទួលកណ្តាលព្រហ្មទណ្ឌ និងលោកស្នងការរងកណ្តាលសណ្តាប់ធ្នាប់ លោកឧត្តមសសេនីយ៍ លន់ សុផាត បានបញ្ជាឲ្យពង្រឹងបន្ថែម ពីលើផែនការចាស់ក្នុងការចុះ យាមល្បាតនៅតាមតំបន់ទីប្រជុំជន ងាយរងគ្រោះដោយអំពើរលួចឆក់ប្លន់ និងបន្ថែមកម្លាំង ចុះល្បាតបន្តនៅតាមតំបន់ស្ថានីយ៍ ប្រេងឃ្លាំងទំនិញនានា។ ធ្វើយ៉ាងណាកុំឲ្យមានភាព ចន្លោះដែលជាឱកាសសម្រាប់ ជនល្មើសប្រព្រឹត្តសកម្មភាពល្មើសផ្សេងៗបាន។
លោកឧត្តមសេនីយ៍ លន់ សុផាត បានលើកឡើងថា បើទោះបីជាស្ថានភាពបទល្មើស ដូចជាករណីលួចឆក់និងប្លន់ សម្រាប់ខេត្តក្រចេះ គឺនៅពុំទាន់កើតមានយ៉ាងណាក៏ដោយ ក៏នគរបាលត្រូវបន្តការប្រុងប្រយ័ត្ន ហើយរាល់ការអនុវត្តត្រូវធ្វើឡើង ដោយស្មារតីទទួល ខុសត្រូវខ្ពស់ជាប់ជាប្រចាំ។
លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត បានជម្រុញឲ្យនាយ នាយរងនគរបាលចរាចរណ៍ ដែលកំពុងតែអនុវត្តច្បាប់លើដងផ្លូវ ត្រូវអនុវត្តដោយឥរិយាបថទន់ភ្លន់ ដល់ប្រជាពលរដ្ឋធ្វើ ដំណើរតាមដងផ្លូវតែការអនុវត្តត្រូវ ធ្វើឡើងឲ្យបានម៉ឺងមាត់ ដើម្បីឲ្យច្បាប់ចរាចរណ៍ថ្មីមាន ប្រសិទ្ធភាព ហើយការផាកពិន័យមិនត្រូវផាក លើសពីច្បាប់កំណត់នោះទេ ត្រូវមានវិក្កយបត្រ ធ្វើយ៉ាងណាមិនឲ្យមានបាតុភាព កើតឡើងមកលើនគរបាល ដែលកំពុងតែអនុវត្តច្បាប់។
ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ បានចុះណែនាំដល់កងកម្លាំង ដល់ទីតាំងដែលកំពុង តែអនុវត្តជាក់ស្តែងទាំងគោលដៅ នគរបាលចរាចរណ៍ និងគោលដៅនគរបាលអន្តរាគមន៍។
បើយោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ឯក ហន ប៉ូច ស្នងការរងកណ្តាល សណ្តាប់ធ្នាប់បានឲ្យដឹងថា ក្រោយការអនុវត្តច្បាប់ចរាចរណ៍ថ្មី ក្នុងកិច្ចប្រតិបត្តការរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន១០ ៣៥០គ្រឿង ក្នុងនោះមានរថយន្តចំនួន៣៥៤០គ្រឿង និងទោចក្រយានយន្ត៦៨១០គ្រឿង ក្នុងនោះបានរកឃើញ យានយន្តល្មើសចំនួន២.៤៥៤គ្រឿង រថយន្តចំនួន៤៩២គ្រឿង និងទោចក្រយាន ចំនួន១.៩៦២គ្រឿង ៕