(កោះកុង)៖ រថយន្តកាមរីឆ្លាមមួយគ្រឿង ត្រូវបានម្ចាស់បើកធ្លាក់ផ្លូវ ក្រឡាប់ផ្ទុះឆេះខ្ទេច តែសំណាងល្អអ្នកបើក និងអ្នកជិះនៅខាង ក្នុងមិនមានគ្រោះថ្នាក់នោះទេ ដោយក្រោយពេលកើតហេតុភ្លាមៗ ពួកគេបាននាំគ្នាលូនចេញផុត។
ឧប្បត្តិហេតុនេះបានកើតឡើង កាលពីវេលាម៉ោងជិត១១ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤៧-១៤៨ ក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ស្ថិតទល់មុខវត្តគិរីវ័ន្ត ស្រុកកំពុងសីលា (ម្ខាងខេត្តព្រះសីហនុ និងម្ខាងទៀតខេត្តកោះកុង)។
ប្រភពពីមន្ត្រីអាវុធហត្ថប្រចាំការ នៅតាមបណ្ដោយផ្លូវជាតិ លេខ៤ ដែលចុះទៅជួយអន្តរាគមន៏ បាញ់ទឹកពន្លត់ បានអោយដឹងថា រថយន្តកាមរី ឆ្លាមពណ៏ស្ករ ខាងលើនេះ បានបើកក្នុងទិសដៅ ពីភ្នំពេញទៅក្រុងព្រះសីហនុ។ លុះពេលបើកមកដល់ចំណុចកើតហេតុ ដែលផ្លូវកោង ដោយសាររថយន្តខាងលើ បើកលឿនបួងចង្កូតមិនផុត ក៏បណ្ដាលឲ្យជ្រុលចង្កូត ធ្លាក់ចិញ្ចើមថ្នល់ ក្រឡាប់ផ្ងាជើងឡើងលើ។
ក្រោយរថយន្តក្រឡាប់គេ ឃើញមនុស្សប្រុស ស្រីពីរនាក់បាននាំគ្នា លូនចេញពីក្នុងរថយន្ត ដោយមិនមានរងរបួសធ្ងន់ធ្ងរនោះទេ។ បន្តិចក្រោយមកស្រាប់តែ គេឃើញផ្សែងហុយចេញ ពីរថយន្តបង្កទៅជាអណ្ដាតភ្លើងឆាបឆេះ តែម្ដង។ ក្រោយរថយន្តត្រូវភ្លើងឆេះ មិនអាចពន្លត់បានម្ចាស់ ក៏នាំគ្នា ហៅម៉ូតូឌុបជិះគេចខ្លួនបាត់ទៅ។ ក្រោយមកទើបគេឃើញកំលាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៏ ជួយបាញ់ទឹកពន្លត់តែរថយន្តត្រូវភ្លើងឆេះអស់ នៅសល់តែគ្រោងឆ្អឹង តែប៉ុណ្ណោះ៕