(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានចេញរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចកម្ពុជាលើកដំបូង ក្នុងពេលវិបត្តិកូវីដ១៩បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា ថយចុះដល់-១.៩% ដែលជាអត្រាមិនធ្លាប់មានកន្លងមក។ នេះបើតាមសារាចរណែនាំ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

សារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមាន១.៩% ដែលជាអត្រា មិនធ្លាប់មានកន្លងមក, ដែលតាមច្បាប់ស្ដីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបាន គ្រោងសម្រេចបានក្នុងអត្រា៦.៥%, ដោយសារការរីករាលដាល យ៉ាងលឿននៃជំងឺកូវីដ-១៩ ដែលបាននិងកំពុង ធ្វើឲ្យតម្រូវការខាងក្រៅធ្លាក់ចុះយ៉ាងគំហុក និងរុញច្រានប្រទេសជាច្រើន ជាពិសេសបណ្ដាប្រទេស ដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជាប្រឈមនឹងកំណើនអវិជ្ជមាន»។

រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ផងដែរថា ទោះយ៉ាងនេះក្ដី តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ ត្រូវបានរំពឹងថា អាចនឹងងើបឡើងវិញ មកក្នុងអត្រាកំណើន៣.៥% ដោយសារការរំពឹងទុក នៃការងើបឡើងវិញយឺត នៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសការកើនឡើង ក្នុងកម្រិតទាបនៃតម្រូវការខាងក្រៅ និង ទំនុកចិត្តទីផ្សារក្នុងស្រុក។

កំណើននេះ ត្រូវបានគាំទ្រដោយកំណើន នៃវិស័យកសិកម្មប្រមាណ១.៦% និង ការងើបឡើងវិញ នៃវិស័យឧស្សាហកម្ម ដែលអាចសម្រេចបានកំណើន ក្នុងអត្រា៤.១% ដោយសារការកើនឡើងវិញ ក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរនៅតែ បន្តកំណើនល្អប្រសើរ, ព្រមទាំងការកើនឡើងវិញ នៃវិស័យសេវាកម្មមកក្នុងអត្រាកំណើនទាប ៣.៦% ដោយសារ ការរំពឹងទុកការងើបឡើងវិញ ក្នុងកម្រិតទាបនូវសកម្មភាពសេដ្ឋកិច្ច ជាពិសេស ក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុក បន្ទាប់ពីវិបត្តិកូវីដ-១៩។

ក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាលបានបន្ថែមថា អត្រាអតិផរណា ត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា២.៨% ក្នុងឆ្នាំ២០២០ ដោយសារការ រំពឹងទុកការកើនឡើង នៃតម្រូវការ (demand shock) ម្ហូបអាហារ និងផលិតផលផ្សេងទៀតនៅ លើទីផ្សារស្របពេល ដែលការផ្គត់ផ្គង់ត្រូវបានរំពឹងថា នឹងថមថយ ខណៈដែលថ្លៃដឹកជញ្ជូន ត្រូវបានប៉ាន់ស្មានថា នឹងធ្លាក់ចុះទៅតាមនិន្នាការថ្លៃប្រេងលើទីផ្សារអន្តរជាតិ។ ក្នុងឆ្នាំ២០២១អត្រានេះ ត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងអត្រា៣.១% ដោយសារការរំពឹងទុក ការកើនឡើងបន្តិចមកវិញ នូវថ្លៃប្រេងអន្តរជាតិ។

រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងទៀតថា អត្រាប្តូរប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិក ត្រូវបានរំពឹងថា នឹងមានស្ថិរភាពក្នុងឆ្នាំ២០២០ និង២០២១ គឺស្ថិតក្នុងរង្វង់ ៤១០០ រៀល ក្នុងមួយដុល្លារអាមេរិក ដោយសារជំនឿទុកចិត្តពីសំណាក់សាធារណជន លើការប្រើប្រាស់ប្រាក់រៀល តាមរយៈការអនុវត្តវិធានការ លើកកម្ពស់ប្រាក់រៀល របស់ធនាគារជាតិនៃកម្ពុជា និង ការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ។

ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ទំហំ១៧.៦% នៃ ផសស ក្នុងឆ្នាំ ២០២០ ដោយសារការរំពឹងទុក ការធ្លាក់ចុះនៃការនាំចេញ និងការធ្លាក់ចុះនៃចំណូលជារូបិយបណ្ណ ដែលបានមកពីទេសចរអន្តរជាតិ មានល្បឿនលឿនជាងការធ្លាក់ចុះនៃ ផសស។ យ៉ាងណាមិញ, ទំហំនេះ ត្រូវបានព្យាករថា នឹងរួមតូចបន្តិចមកត្រឹម១៧.៣% នៃផសស ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុក នៃការងើបឡើងវិញបន្តិច នូវការនាំចេញ និងវិស័យទេសចរណ៍។

ទុនបម្រុងអន្តរជាតិសរុបក្នុងឆ្នាំ ២០២០ ត្រូវបានរំពឹងថានឹងថយចុះមកត្រឹម ១៦,៩៣៧លានដុល្លារអាមេរិក ដោយសារការរីកធំនៃឱនភាពគណនីចរន្ត រួមផ្សំនឹង ការរំពឹងទុកការធ្លាក់ចុះលំហូរ ទុនវិនិយោគពីបរទេស។ ទោះជាយ៉ាងនេះក្ដី, ទំហំនេះ នៅតែអាចធានាការនាំចូលបាន៨.៥ខែ ដោយហេតុថា ការនាំចូលរបស់កម្ពុជា ក៏នឹងត្រូវថមថយផងដែរ។ ក្នុងឆ្នាំ២០២១ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ១៦,៩៨១លានដុល្លារអាមេរិក និងធានាការនាំចូលបាន៨ខែ៕