(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងប្រគល់វិញ្ញាបនបត្រសមាជិកភាព ឆ្នាំ២០២០ ដល់មន្ទីរពេទ្យកាល់ម៉ែត។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមទទួល តំណាងដោយលោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី ប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកាល់ម៉ែត, លោក ម៉ៅ រាសី ប្រធានការិយាល័យរដ្ឋបាល និងអ្នកចូលរួមមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានកំណត់ទិសដៅក្នុងផែនការអភិវឌ្ឍន៍ ធ្វើការពង្រីកសមាជិកភាព ឱ្យជាអតិបរមាទូទាំងប្រទេស។ ជាពិសេស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវ ចំពោះក្រសួងស្ថាប័ន រាជរដ្ឋាភិបាល មន្ទីរ អង្គភាព កងយោធពលខេមរភូមិន្ទ នគរបាល កងរាជអាវុធហត្ថ វិស័យឯកជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និស្សិត បញ្ញាវន្ដ សាធារណជន ចុះឈ្មោះចូលរួម ជាសមាជិក កាកបាទក្រហមកម្ពុជា ដែលជាការលើកកម្ពស់សា្មរតីនៃវប្បធម៌ចែករំលែកចូលរួមជាកម្លាំងមនុស្សធម៌ អ្នកមានជួយអ្នកអត់។

លើសពីនោះ លោកស្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរពេទ្យកាល់ម៉ែត ក្រៅពីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋយ៉ាងល្អប្រសើរ ថែមទាំងចូលរួមជាសមាជិកកាកបាទក្រហមកម្ពុជាផងដែរ។

ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ឱកាសដល់មន្ដ្រីថ្នាក់ដឹកនាំ និងក្រុមការងាររបស់មន្ទីរពេទ្យកាល់ម៉ែត បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះដល់អ្នករងគ្រោះ។ ជាពិសេស លោកមានភាពសប្បាយរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពពលរដ្ឋកម្ពុជា។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា បានប្រគល់វិញ្ញាបនបត្រសមាជិកភាព ឆ្នាំ២០២០ ដល់មន្ទីរពេទ្យកាល់ម៉ែត សរុបចំនួន ១,៣១៣រូប។ គិតជាថវិកា ចូលរួមបរិច្ឆាគរបស់សមាជិកភាពទាំងអស់ បានចំនួន ១៣,៧២៣,០០០រៀល និង១៥៥ដុល្លារ។

សមាជិករបស់កាកបាទក្រហមកម្ពុជា មានដូចជា៖ សមាជិកទ្រទ្រង់, សកម្ម, ឧបការី និងកិត្ដិយស។ សម្រាប់ថវិកាចូលរួមរបស់សមាជិកភាពប្រចាំឆ្នាំនោះ ត្រូវបានកំណត់តាមប្រភេទ ដូចជា៖ សមាជិកកិត្ដិយស ចាប់ពី ២លានរៀលឡើងទៅ, សមាជិកឧបការី ចាប់ពី៨០ម៉ឺនរៀល និងសមាជិកទ្រទ្រង់ ចាប់ពី៣ពាន់រៀល ដល់២០ម៉ឺនរៀល។

តាមការបញ្ជាក់របស់កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ការចូលជាសមាជិកភាពពីពលដ្ឋកម្ពុជា គឺជាប្រភពនៃធនធានមនុស្ស និងហិរញ្ញវត្ថុ សម្រាប់សមាគមជាតិនីមួយៗ។ ពលរដ្ឋគ្រប់រូបដែលចុះឈ្មោះជាសមាជិក កាកបាទក្រហមកម្ពុជា មានន័យថា បានចូលរួមចំណែកជាស្មារតី និងថវិកា ក្នុងបុព្វហេតុមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក របស់អ្នកងាយរងគ្រោះ។ សមាជិកភាព កាកបាទក្រហមកម្ពុជា គឺជាចលនាប្រជារាស្ដ្រជួយប្រជារាស្ដ្រគ្នាឯង ជាការប្រមូលផ្ដុំកម្លាំងមនុស្សធម៌របស់មហាជន ដើម្បីជួយអ្នករងគ្រោះ ឱ្យបានទាន់ពេលវេលា។

ការបរិច្ឆាគអាហារមួយពេលរបស់មនុស្សម្នាក់ៗ អាចជួយជនរងគ្រោះ មានជីវភាពល្អប្រសើរឡើងបាន៕