(ភ្នំពេញ)៖ និស្សិតខ្មែរ៤២រូប ដែលបានបញ្ចប់ការសិក្សា និងមានវិស្សមកាល ហើយបានជាប់គាំងនៅប្រទេសឥណ្ឌូនេស៊ី ដោយសារការផ្អាកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងពេលរីករាលដាលជំងឺ COVID-19 នោះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាពហើយ។ នេះបើតាមលិខិត លោកស្រី សយ កានី ភារៈធារីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូនេស៉ី ផ្ញើទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាមលិខិតដដែលនេះ គឺនិសិតទាំងនោះ បានមកដល់កម្ពុជាវិញ នៅវេលាម៉ោង ១៤៖០០រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ។

ស្ថានទូតកម្ពុជានៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៉ី បានរួមសហការជាមួយក្រុមហ៊ុន CAMBODIA AIRWAYS Co.Ltd ជួយសម្រួលរៀបចំមធ្យោបាយធ្វើដំណើរ Charter Flight Number KR 708 សម្រាប់ដឹកជញ្ជូនពួកគាត់។ នេះបើតាមលោកស្រី សយ កានី៕