(ភ្នំពេញ)៖ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ប៊ន សំអាត បានបញ្ជាក់ថា រយ:ពេល២ថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៦នេះ ជនចែកចាយ ប្រើប្រាស់គ្រឿងញៀន ចំនួន១៥នាក់ ត្រូវបានកម្លាំងនគរបាលរបស់លោក បង្ក្រាប និងចាប់ខ្លួន ហើយដកហូតថ្នាំ ចំនួន២៥កញ្ចប់ផងដែរ។
លោក ប៊ន សំអាត បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ ត្រូវបានបង្ក្រាប និងចាប់ខ្លួន នៅខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ និងមួយ ករណីទៀត ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការបង្ក្រាបបានផងដែរ ។
សម្រាប់ខណ្ឌជ្រោយចង្វារ ជនជាប់សង្ស័យរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ៩នាក់ត្រូវបានឃាត់ខ្លួន សួរនាំកាលពីវេលាម៉ោង ០២៖០០នាទី យប់រំលងអាធ្រាត្រថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០១៦នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ព្រមទាំងដកហូតម៉ូតូ៥គ្រឿងផងដែរ។
អធិការងខណ្ឌជ្រោយចង្វារ លោក ឯក សេរីវុធ បានបញ្ជាក់ថា ដោយការយាមកាមល្បាត ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ៦ បានប្រទះឃើញអ្នកទាំងនោះ បើកម៉ូតូលឿនមានបក្ខពួកចំនួន៩នាក់ ដោយសង្ស័យក៏ឃាត់សួរនាំ និងឆែកឆេរបានរកឃើញ សារធាតុញៀនជាប្រភេទម៉ាទឹកកក ចំនួន៦កញ្ចប់ថង់តូច ដែលជនទាំងនោះបានលាក់ទុក ធ្វើសកម្មភាព ប្រើប្រាស់។
សម្រាប់ជនសង្ស័យទាំង១៥នាក់ នេះត្រូវបានយកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ៕
ជនចែកចាយគ្រឿងញៀន១៥នាក់ និងថ្នាំ២៥កញ្ចប់ ត្រូវកម្លាំងនគរបាលបង្ក្រាប នៅ២ថ្ងៃនេះ
Posted by Fresh News on Sunday, January 17, 2016