(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានលើកឡើងថា រដ្ឋាភិបាលស៊ុយអែតនឹងទទួលបរាជ័យ ជុំវិញការប្តូរយុទ្ធសាស្រ្តឈប់ជួយរាជរដ្ឋាភិបាលកម្ពុជា តែជួយតែសង្គមស៉ីវីល ក្នុងការតទល់ជាមួយកម្ពុជាតាមបែប Confrontational Approach (យន្តការប្រឈមមុខដាក់គ្នា) ក្នុងគោលដៅលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។

ការលើកឡើងរបស់លោក ជិន ម៉ាលីន បានលើកឡើងភ្លាមៗ បន្ទាប់ពីស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា រដ្ឋាភិបាលខ្លួននឹងឈប់ផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះតទៅ ហើយងាកទៅជួយអង្គការសង្គមស៊ីវិលវិញ។

ថ្លែងតាមរយៈ Facebook ផ្លូវការរបស់ខ្លួន ដោយភ្ជាប់ជាមួយរូបថត មានរូបលោក និងរដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែត, លោក ជិន ម៉ាលីន បានលើកឡើងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសនេះ គឺជាយុទ្ធសាស្ត្រមិនត្រឹមត្រូវឡើយ។

បើតាមលោក ជិន ម៉ាលីន, មានតែយន្តការជួយគ្នា ឬបំពេញគ្នាទៅវិញទៅមកទេ (Complementary or Supplementary Approach) ដែលត្រូវជួយដល់ភាគីទាំងពីរ ទាំងរដ្ឋាភិបាល និងសង្គមស៉ីវីល ដើម្បីឱ្យមានសមត្ថភាព និងវិជ្ជាជីវៈគ្រប់គ្រាន់ក្នុងការធ្វើការជាមួយគ្នា សហការគ្នា និងជួយបំពេញគ្នាទៅវិញទៅមក ទើបអាចទទួលបានជោគជ័យក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ទោះបីជាវាត្រូវការពេលយូរ ដំណើរការយឺត តែវាមានការវិវឌ្ឈទៅមុខជាវិជ្ជមាន៕