(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ដោយទទួលបានការចាត់តាំងពីរាជរដ្ឋាភិបាល លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ បានចូលរួមកិច្ចប្រជុំបំភ្លឺ និងការពារសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ លោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនេះ ព្រមទាំងមានការចូលរួមពីសំណាក់សមាជិក សមាជិកា នៃគណៈកម្មការនីតិកម្ម និងយុត្តិធម៌ផងដែរ។

កិច្ចប្រជុំបំភ្លឺ និងការពារលើសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនេះ បានធ្វើឡើងនាមន្ទីរព្រឹទ្ធសភា។

សូមបញ្ជាក់ថា «សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ» ត្រូវបានរដ្ឋសភាអនុម័ត ដោយសំឡេង ១០៨ លើ១១១ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។ សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ៤៤មាត្រា ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ, កម្ពុជាបានចុះសន្ធិសញ្ញាទាំងទ្វេភាគី ទាំងពហុភាគី ជាមួយបណ្ដាប្រទេសជាច្រើន ជាពិសេសសន្ធិសញ្ញាទាក់ទងនឹងការធ្វើបត្យាប័ន ការផ្ទេរទណ្ឌិត និងការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ។

ចំពោះការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់កន្លងមក កម្ពុជា បានចុះសន្ធិសញ្ញាពហុភាគីមួយក្នុងក្របខណ្ឌអាស៊ានគឺ «សន្ធិសញ្ញាអាស៊ានស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ» ព្រមទាំងសន្ធិសញ្ញាទ្វេភាគីជាមួយនឹងប្រទេសចំនួន០៤រួមមាន៖ សាធារណរដ្ឋកូរ៉េ, សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋឥណ្ឌា និងសហព័ន្ធរុស្សី ដែលក្នុងនោះសន្ធិសញ្ញាមួយចំនួនត្រូវបានផ្តល់សច្ចាប័នរួចហើយ និងសន្ធិសញ្ញាមួយចំនួនទៀត កំពុងស្ថិតក្នុងនីតិវិធី។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានទទួលនូវសំណើសុំជំនួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ពីបណ្ដាប្រទេសជាច្រើន ដែលមានសន្ធិសញ្ញា ឬកិច្ចព្រមព្រៀង ជាមួយកម្ពុជា ប៉ុន្តែដោយឈរលើគោលការណ៍បដិការ កម្ពុជា បានយល់ព្រមផ្តល់ជំនួយ ស្របតាមសំណើទាំងអស់នេះ ព្រោះនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង នឹងបទល្មើសព្រហ្មទណ្ឌ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្មព្រមទាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ទោះបីជាកម្ពុជា បានផ្តល់ជំនួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដល់ប្រទេសជាច្រើន រួមទាំងប្រទេសដែលមានសន្ធិសញ្ញា ជាមួយកម្ពុជា និងទាំងប្រទេសដែលពុំមានសន្ធិសញ្ញាជាមួយកម្ពុជា នាពេលកន្លងមកក៏ពិតមែន ប៉ុន្តែកម្ពុជា ពុំទាន់មានច្បាប់ផ្ទៃក្នុង មួយច្បាស់លាស់ ដើម្បីធានាដល់ការអនុវត្តសំណើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌនៅឡើយទេ។

សេចក្តីព្រាងច្បាប់នេះ គឺជាការចាំបាច់ដែលមិនត្រឹមតែបង្កើត ឱ្យមាននីតិវិធីផ្ទៃក្នុង មួយច្បាស់លាស់ បំពេញបន្ថែម ឱ្យក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានានា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌប៉ុណ្ណោះទេ។ ប៉ុន្តែ ថែមទាំងបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយ ដែលបម្រើដល់ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមកទៀតផងដែរ។

គោលបំណងច្បាប់នេះកំណត់អំពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានា ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ៕