(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ មកទទួលសេវាស្លាកលេខម៉ូតូ តាមរយៈការិយាល័យច្រកចេញចូលតែមួយ ចាប់ពីថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ នាសប្តាហ៍ក្រោយនេះតទៅ។

លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះថា បន្ទាប់ពីរដ្ឋបាលខណ្ឌទទួលបានពីមន្ទីសាធារណការរាជធានី និងបានរៀបចំពិធីប្រគល់-ទទួលសិទ្ធិប្រើប្រាស់ស្វ័យប្រវត្តិកម្មទោចក្រយានយន្ត សម្រាប់ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌបឹងកេងកង។

ពិធីនេះរៀបចំធ្វើឡើងក្រោមអធិបតីភាពលោក ធឹម សំអាន និងលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌទទួលបន្ទុកការងារច្រកចេញចូលតែមួយលោក ទ្រី ណារ៉េត នាយករងរដ្ឋបាល តំណាងក្រសួងសាធារណការ និងតំណាងក្រុមហ៊ុន KTS។

ឆ្លៀតក្នុងឱកាសនោះ អភិបាលខណ្ឌបឹងកេងកង បានថ្លែអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពាក់ឧបករណ៍ធ្វើស្លាកលេខទោចក្រយានយន្ត ដែលនឹងផ្តល់លទ្ធភាពថ្មីទៀត ដល់រដ្ឋបាលខណ្ឌ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលាលឿន រហ័ស និងមានតម្លាភាព ស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបង្ខិតសេវាកាន់តែកៀកកិតជាមួយប្រជាពលរដ្ឋ តាមរយៈការបង្កើតខណ្ឌបឹងកេងកង ដែលជាខណ្ឌថ្មី និងដាក់ឲ្យដំណើររយៈពេល១ឆ្នាំកន្លងទៅនេះ។

លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាស័យដ្ឋានអចិន្ត្រៃយ៍ក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង អាចមកទំនាក់ទំនង និងទទួលសេវានៅការិយាល័យ ច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌបឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៦៨ តាមបណ្តោយមហាវិថីម៉ៅសេទុង ភូមិទី១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕